ជាការពិតណាសការផ្លាស់ប្ដូរវាសនាខ្លួនឯង ព្រមទាំងសម្រេចក្ដីស្រម៉ៃមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នានោះទេ អ្នកខ្លះប្រឹងប្រែងចង់កន្លះជីវិតទៅហើយនៅតែរកគោលដៅមិនឃើញ។ ប៉ុន្តែបើក្រឡេកមកមើលជីវិតរបស់កំពូលចុងភៅម្នាក់ ដែលបានផ្លាស់ប្ដូរជីវិតខ្លួនឯងទាំងស្រុង ដោយសារការតស៊ូ អត់ធ្មត់ និងដោយក្ដីស្រលាញ់នូវអ្វីដែលខ្លួនមានតាំងពីតូច។
លោក Nurset Gocke ឬ « Salt Bae » ដែលត្រូវបានស្គាល់ថាជាកំពូលចុងភៅដ៏ល្បីម្នាក់នៅបណ្ដាញសង្គមបច្ចុប្បន្ននេះដោយសារក្បាច់រោយអំបិលនៅលើសាច់របស់គាត់។ Gocke កើតចេញពីគ្រួសារក្រីក្រមួយដែលជាវណ្ណៈកម្មករនៅជនបទក្នុងប្រទេសទួរគី ដោយមានឪពុកជាកម្មករអណ្ដូងរ៉ែ និងម្ដាយដែលមិនចេះអក្សរ ហើយគាត់បានបោះបង់ការសិក្សាតាំងពីអាយុ ៥ឆ្នាំ ដោយសារជីវភាពក្រខ្សត់ពេក។ បន្ទាប់ពីបោះបង់ការសិក្សានៅអាយុ ១៤ឆ្នាំ គាត់ទទួលបានការងារជាអ្នកលាងចាន និងជាអ្នកកាប់សាច់សត្វ។

ទោះបីបច្ចុប្បន្ន Gocke ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ និងល្បីសុះសាយនៅសហរដ្ឋអាមេរិកក៏ដោយ ក៏ជោគជ័យរបស់គាត់បានរីកចម្រើនពីការចាប់ផ្តើមដ៏រាបទាប និងក្តីសុបិន្ដដ៏សាមញ្ញមួយ។ បើយោងតាមមិត្តភក្កិរបស់គាត់ម្នាក់បាននិយាយរៀបរាប់ប្រាប់ទូរទស្សន៍ CNN ថា Gocke ទទួលបានការងារជាអ្នកលាងចាននៅពេលដែលគាត់នៅក្មេង ហើយធ្វើការជាច្រើនម៉ោង ប៉ុន្តែមិនដែលបោះបង់ចោលក្តីសុបិនរបស់គាត់ក្នុងការបើកភោជនីយដ្ឋានផ្ទាល់ខ្លួនទេ។

ក្នុងអំឡុងពេលធ្វើការឲ្យគេនៅក្នុងភោជីយដ្ឋានគាត់បានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយអតិថិជនក្នុងស្រុក និងពិសោធន៍មុខម្ហូបផ្ទាល់ខ្លួនរបស់គាត់ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងហើយនៅពេលដែលអតិថិជនទាំងនោះត្រលប់មកម្ដងទៀត គឺសួររកតែគាត់ប៉ុណ្ណោះ។ នៅពេលអាយុ ១៦ឆ្នាំ កំពូលចុងភៅរូបនេះបានចាក់ចេញពីកន្លែធ្វើការរបស់គាត់ ហើយបានធ្វើដំណើរទៅពិភពលោកដោយសង្ឃឹមថានឹងរៀនសូត្របន្ថែមពីកសិដ្ឋាន ជំនាញកាប់សាច់សត្វ និងភោជនីយដ្ឋាន ដោយមិនចេះភាសាបរទេសទាល់តែសោះ។

បន្ទាប់ពីចិញ្ចឹមជំនាញ និងសិក្សាអស់រយៈពេល ១០ឆ្នាំ ទីបំផុតគាត់បានបើកហាងអាហារដំបូងបំផុតរបស់គាត់នៅអ៊ីស្តង់ប៊ុល ប្រទេសទួរគីនៅពេលគាត់មានវ័យ ២៧ឆ្នាំ។ ដោយហាងដំបូងរបស់គាត់មានតែ ៨តុ និងគ្នារបស់គាត់ ១០នាក់ប៉ុណ្ណោះ។ ដោយឡែកមកទល់បច្ចុប្បន្ន Gocke បានក្លាយជាកំពូលចុងភៅដ៏ល្បីល្បាញមួយដែលមានភោជនីយដ្ឋានចំនួន ១៣ នៅជុំវិញពិភពលោក និងមានបុគ្គលិកជាង ៦០០ នាក់ ដោយទទួលស្វាគមន៍សុទ្ធតែភ្ញៀវលំដាប់ៗដូចជា តារាល្បីៗ និងមហាសេដ្ឋីជាដើម៕



អត្ថបទ៖ លីនី
ប្រភព៖ steemit, nickiswift


