មហាសេដ្ឋីកាណាដា Elon Musk ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla បានដុតចំៗទៅលើនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos នៅលើ Twitter កាលពីថ្ងៃសុក្រ បន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅ Seattle បានទិញយកក្រុមហ៊ុន Zoox ដែលជាក្រុមហ៊ុនតាក់ស៊ីស្វ័យភាព (self-driving-taxi) ក្នុងតម្លៃ ១.២ ពាន់លានដុល្លារ។
នៅក្នុងបណ្ដាញ Twitter ផ្ទាល់ខ្លួនលោក Musk បានហៅស្ថាបនិក Amazon ថាជាអ្នកចម្លង (copycat) ដោយការបាញ់ចំៗនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Amazon បានទិញយកក្រុមហ៊ុន Zoox ហើយក្លាយជាគូប្រជែងនៅក្នុងផ្នែកដឹកជញ្ជូន (តាក់ស៊ីស្វ័យភាព)។ ទោះបីជាយ៉ាងនេះក្ដីលោក Mark Matousek របស់សារព័ត៌មាន Business Insider បានរាយការណ៍កាលពីខែឧសភាថា ក្រុមហ៊ុន Amazon ចាប់អារម្មណ៍នឹង Zoox ដើម្បីជួយរៀបចំដំណើរការចែកចាយកញ្ចប់របស់ខ្លួន។ ខណៈយានយន្តរបស់ Zoox ត្រូវបានរចនាឡើងជាប្រភេទតាក់ស៊ី មិនដូចរថយន្ត Tesla ដែលត្រូវបានរចនាឡើងជារថយន្តផ្ទាល់ខ្លួន។

គួរឲ្យដឹងផងដែរថា កាលពីឆ្នាំ២០១៩ Musk បាននិយាយថានៅពាក់កណ្តាលឆ្នាំ២០២០ រថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុនគាត់នឹងដំណើរការពេញលេញ។ ខណៈនៅក្នុងសន្និសិទ IGNITION ឆ្នាំ ២០១៩ របស់ Business Insider សហស្ថាបនិក Zoox និងជាប្រធានផ្នែកបច្ចេកវិទ្យាលោក Jesse Levinson មានប្រសាសន៍ថា មិនមានឱកាសក្នុងការធ្វើឲ្យវាកើតឡើងនោះទេ ព្រោះមិនមានឧបករណ៍ចាប់សញ្ញា ឬកុំព្យូទ័រគ្រប់គ្រាន់ដើម្បីធ្វើតាមបច្ចេកវិទ្យាចាប់ពីចង្ងាយ ដូចទៅនឹងការបើកបររបស់មនុស្សនោះទេ។

យ៉ាងណាមិញថ្មីៗនេះ Zoox មានតម្លៃ ៣.២ ពាន់លានដុល្លារ ដោយ Zoox ក៏ដូចក្រុមហ៊ុនយានយន្តស្វយ័តដទៃទៀតដែរ ដែលបានទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 ដោយបានបញ្ឈប់បុគ្គលិក ១២០ នាក់កាលពីខែមេសា ហើយយោងតាម Axios ក្រុមហ៊ុនបានតស៊ូដើម្បីបង្កើនដើមទុននាពេលថ្មីៗនេះ ហើយកិច្ចព្រមព្រៀងជាមួយ Amazon នេះអាចជួយឱ្យក្រុមហ៊ុននៅស្ថិតស្ថេរបាន៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


