លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីមានជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ដោយយោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីនាពេលបច្ចុប្បន្ននេះមានប្រមាណ ២.១ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider ប្រធានាធិបតីវ័យ ៧៤ឆ្នាំ រូបនេះបានខាតបង់ទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារដោយសារការរាតត្បានៃវីរុស Covid-19 ដែលបានបំផ្លាញឧស្សាហកម្មដែលលោក ត្រាំ ធ្វើជំនួញដូចជា បដិសណ្ឋារកិច្ច និងអចលនទ្រព្យ។
តាមប្រភពដដែលបានឲ្យដឹងថា ទោះបីជាលោក ត្រាំ បានធ្វើការបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន ៤០ ម៉ឺនដុល្លារដល់អង្គភាពរដ្ឋាភិបាលផ្សេងៗ និងការខាតបង់ប្រាក់ក៏ដោយក្ដី ប៉ុន្តែគាត់នៅតែអាចរកលុយបានរាប់លានដុល្លារជារៀងរាល់ឆ្នាំពីអាជីវកម្មរបស់ខ្លួន។ គួរឲ្យដឹងផងដែរថា កាលពីខែមីនាថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោក ត្រាំ មានចំនួនប្រមាណ ៣.១ ពាន់លានដុល្លារ ប៉ុន្តែដោយសារការផ្ទុះឡើងនៃវីរុស Covid-19 បានធ្វើឲ្យលោកត្រូវបាត់បង់ទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ខណៈឧស្សាហកម្មអចលនទ្រព្យ បដិសណ្ឋារកិច្ច និងពាណិជ្ជកម្មបានរងផលប៉ះពាល់ក្នុងពេលមានជំងឺរាតត្បាត។

ទន្ទឹមនឹងនេះដែរ បើយោងតាមការលាតត្រដាងហិរញ្ញវត្ថុយុទ្ធនាការដែលបានពិនិត្យដោយរ៉យទ័របានឲ្យដឹងថា នៅពេលឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីលោក Trump បានដកប្រាក់ចំនួន ៦៦ លានដុល្លារពីហោប៉ៅផ្ទាល់ខ្លួនដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការរបស់លោក។ តែទោះជាយ៉ាងណាក្ដី អង្គភាពរបស់ Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Business Insider ដើម្បីសុំការអត្ថាធិប្បាយលើទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump នោះទេ៕
អត្ថបទ៖ លីនី
ប្រភព៖ businessinsider


