ស្ថាបនិក និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba លោក Jack Ma តែងតែសង្កត់ធ្ងន់ទៅលើរឿង ៣ យ៉ាងដែលគាត់បានយកចិត្តទុកដាក់បំផុតគឺ «សហគ្រិនថ្មីៗ មនុស្សស្រី និងមនុស្សជំនាន់ថ្មី»។ មហាសេដ្ឋីចិនមួយនេះលើកឡើងដូច្នេះ ព្រោះគាត់គិតថាពាណិជ្ជកម្មពិភពលោកនាពេលអនាគតត្រូវការប្រព័ន្ធអេកូឡូស៊ីដែលអាចផ្ទុកទិន្នន័យបានច្រើន និងទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។ ទន្ទឹមនឹងនេះការធ្វើពាណិជ្ជកម្មក៏ពឹងផ្អែកលើអំណាចរបស់ស្ត្រី ដើម្បីធ្វើឱ្យការងារនេះបានល្អឥតខ្ចោះផងដែរ។
ដូច្នេះហើយមហាសេដ្ឋីរូបនេះណែនាំឲ្យផ្តល់អំណាចដល់ស្ត្រី ឱ្យមានតួនាទីបន្ថែមទៀតនៅក្នុងអាជីវកម្ម ស្របពេលដែលមនុស្សគ្រប់គ្នាយល់ថា សហគ្រិនខ្នាតតូច និងអ្នកចាប់ផ្ដើមអាជីវកម្មគឺ ជាមនុស្សសំខាន់ ខណៈស្រ្តីត្រូវបានគេមើលរំលង និងមិនសូវឲ្យតម្លៃ។ ប៉ុន្តែសម្រាប់លោក Jack Ma គាត់មានអារម្មណ៍ថា ក្នុងអាជីវកម្មតាមអ៉ីនធឺណេតបុរសមើលឃើញទិន្នន័យ និងអង្គហេតុ ប៉ុន្តែស្ត្រីមើលឃើញព័ត៌មានលម្អិត និងស្គាល់បទពិសោធន៍នៃការទិញ។

ជាមួយគ្នានេះ Ma បាននិយាយថា៖ «បញ្ញាសិប្បនិម្មិត (AI) អាចវិភាគទិន្នន័យ និងអង្គហេតុបានមានន័យថា (AI) អាចជំនួសបុរសបាន ប៉ុន្តែសម្រាប់បទពិសោធន៍របស់អតិថិជន (AI) មិនអាចធ្វើបានដូចស្ត្រីនោះទេ »។ ហើយនៅសតវត្សរ៍ទី ២១ នេះទៀតសោត មិនមែនទាល់តែមានមាឌធំ រឹងមាំ ទើបក្លាយជាសហគ្រិនបាននោះទេ តែអ្វីដែលសំខាន់គឺ អ្នកដែលមានឥទ្ធិពល។

ហើយអ្នកដែលមានឥទ្ធិពលទាំងនោះគឺជាស្រ្តី ដោយសហគ្រិនស្រីដែលមានចំនួន ៤០% នៃអ្នកជំនួញនៅលើប្រព័ន្ធអ៊ីនធឺណេតរបស់ Alibaba កំពុងឆ្ពោះទៅរកទិសដៅនេះ។ ខណៈម្ចាស់អាជីវកម្មជាស្ត្រី អនុវត្តការច្នៃប្រឌិតរបស់ពួកគេឱ្យកាន់តែប្រសើរឡើងក្នុងការស្វែងរកផលិតផលដើម្បីបម្រើតម្រូវការទីផ្សារពិសេស។

ជាក់ស្ដែងក្នុងនៅក្នុងក្រុមហ៊ុន Alibaba Group ផ្ទាល់មានស្ថាបនិកចំនួន ៦ នាក់ក្នុងចំណោមស្ថាបនិក ១៨ នាក់គឺជាស្ត្រី។ អ្នកប្រតិបត្តិជាស្ត្រីមានចំនួន ៣៤% នៃចំនួនបុគ្គលិកសរុប និង ៤៧% នៃបុគ្គលិក ៥០០០០ នាក់ជាស្ត្រី។ ស្ត្រីច្បាស់ណាស់ឆ្លាតហើយមានសក្តានុពលខ្លាំងដូចបុរសដែរ ដូចនេះលោក Ma កត់សម្គាល់ថា « យើងត្រូវផ្តល់សិទ្ធិអំណាចដល់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យចេញពីតួនាទីធម្មតាដែលសង្គមផ្តល់ឱ្យពួកគេ »។ បន្ថែមពីនេះលោកបានបន្តថា៖ « (AI) អាចវិភាគទិន្នន័យសម្រាប់អ្នកលក់ ប៉ុន្តែវាមិនអាចជំនួសស្ត្រីសម្រាប់ការផ្តល់នូវបទពិសោធន៍ល្អដល់អតិថិជនទេ »៕

អត្ថបទ៖ លីនី
ប្រភព៖ startupthailand


