មុនពេលត្រូវបានគេស្គាល់ថាជា បិតានៃឧបករណ៍ស្ដាប់ភ្លេង iPod លោក Tony Fadell បាននិយាយថា គាត់ត្រូវបានបដិសេធដោយវិនិយោគិនបណ្តាក់ទុន ៨០ នាក់នៅពេលដែលព្យាយាមរកប្រាក់ដើម្បីបង្កើតអាជីវកម្មបច្ចេកវិទ្យារបស់គាត់ដំបូង។ ដោយឆ្លុះបញ្ចាំងពីការចាប់ផ្ដើមដំបូងរបស់លោកនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ លោក Fadell បានកំណត់ថា៖ « គាត់ជាមនុស្សដែលបរាជ័យក្នុងមួយទសវត្ស »។
នៅឯសន្និសីទ CogX ឆ្នាំ២០២០ លោក Fadell បាននិយាយថា លោកបានចំណាយពេល ៤ឆ្នាំធ្វើការនៅក្រុមហ៊ុន General Magic ដែលជាក្រុមហ៊ុនបង្កើតគ្រឿងអេឡិចត្រូនិចយក្ស Apple ដែលបានប្រតិបត្តិការនៅ Silicon Valley ក្នុងទសវត្សឆ្នាំ ១៩៩០ ប៉ុន្តែបានបាត់មុខជំនួញនៅដើមទសវត្សឆ្នាំ ២០០០។ លោកបានសម្រេចចិត្តចូលធ្វើការនៅទីនោះ គឺដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍ទំនាក់ទំនងចល័ត hand-held មុនពេលផ្លាស់ប្តូរទៅយីហោអេឡិចត្រូនិកហូឡង់ Phillips ជាកន្លែងដែលគាត់បង្កើតក្រុមកុំព្យូទ័រចល័តរបស់ខ្លួន។

បន្ទាប់មកគាត់បានបង្កើតក្រុមហ៊ុនអេឡិចត្រូនិចដោយខ្លួនឯងមានឈ្មោះថា Fuse នៅឆ្នាំ ១៩៩៩ ប៉ុន្តែបានមួយឆ្នាំក្រោយមកត្រូវបានវាយប្រហារដោយវិបត្តិបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក ( dotcom crisis)។ លោក Fadell បាននិយាយថា វាពិតជាលំបាកណាស់ក្នុងការឆ្លងកាត់រយៈពេល ១០ឆ្នាំនោះ ដោយលោកតែងតែព្យាយាមប្រាប់ខ្លួនឯងឲ្យព្យាយាមស៊ូ កុំចុះចាញ់ តែបន្ទាប់មកលោកត្រូវប្រឈមមុខនឹងការគាំងផ្សារភាគហ៊ុនក្នុងឆ្នាំ ២០០០ ម្ដងទៀត។

កាលនោះលោកបានរំលឹកថា លោកមានក្រុមហ៊ុនតូចមួយ ហើយស្វែងរកការវិនិយោគពីវិនិយោគិន ៨០រូប តែត្រូវគេបដិសេធគ្រប់គ្នា។ លោកបានបន្តថា រឿងដែលលោកឈឺចាប់បំផុត គឺមនុស្សគ្រប់គ្នាបានបដិសេធចំពោះរូបខ្លួន ក្រោមហេតុផលថា លោកកំពុងវង្វែងនឹងធ្លាក់ចូលទៅក្នុងការបរាជ័យមិនអាចងើបរួចឡើយ។

តែរឿងទាំងនោះបានក្លាយជាជំហានធ្វើឲ្យលោក Fadell សម្រេចបាននូវ ឧបករណ៍ស្ដាប់ភ្លេង iPod បន្ទាប់មកគឺ Iphone ដោយសារ Fuse មិនទទួលបានមូលនិធិ លោកក៏បានចូលរួមជាមួយក្រុមហ៊ុន apple នៅឆ្នាំ ២០០១ ក្នុងនាមជាអ្នកប្រឹក្សាយោបល់ដោយចាប់ផ្តើមគំនិតដំបូងសម្រាប់ iPod ហើយគាត់ក៏ជាអ្នកចូលរួមបង្កើតទូរស័ព្ទ iPhone និងជាទីប្រឹក្សារបស់នាយកប្រតិបត្តិ Apple លោក Steve Jobs ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០។ ឥឡូវគាត់ជានាយកក្រុមហ៊ុនប្រឹក្សា និងវិនិយោគ បច្ចេកវិទ្យាពិភពលោកនាពេលអនាគត៕
ប្រភព៖ cnbc
អត្ថបទ៖ លីនី


