មកដឹងពីច្បាប់ទាំង ៥ ដើម្បីទទួលបានជោគជ័យពីស្ថាបនិករបស់ Alibaba មហាសេដ្ឋី Jack Ma
បុគ្គលជោគជ័យ May 25, 2020 Chan Sreyny

Jack Ma ជាជនជាតិអាស៊ី ប៉ុន្តែនៅក្នុងភាពជាសហគ្រិន​ និងរង្វង់មុខជំនួញ គាត់ត្រូវបានគេទទួលស្គាល់ថាជាបុរសម្នាក់ដែល​អាចបង្កើតក្រុមហ៊ុនលំដាប់ពិភពលោកដែលមានតម្លៃ និងភាពល្បីល្បាញបំផុត។ ផ្ដើមចេញពីក្រុមហ៊ុនតូចមួយដែលបង្កើតឡើងនៅក្នុងផ្ទះល្វែងកាលពីឆ្នាំ ១៩៩៩ មកទល់ពេលនេះក្រុមហ៊ុន Alibaba ដែលមានមូលដ្ឋាននៅប្រទេសចិនបានក្លាយជាក្រុមហ៊ុនជំនួញធំបំផុតរបស់ពិភពលោកក្នុងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក។

ហើយបច្ចុប្បន្នលោក Jack Ma ដែលជាស្ថាបនិករបស់ Alibaba ដែលធ្លាប់ត្រូវគេបដិសេដការងាររាប់សិបដង និងជួបរឿងបរាជ័យនៅក្នុងជីវិតជាហូរហែ បានក្លាយជាអ្នកមានបំផុតនៅប្រទេសចិន និងអ្នកមានបំផុតទី ១៧ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤១.៣ ពាន់លានដុល្លារ យោងតាមទស្សនាវដ្ដី Forbes។ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងអស់ជាច្រើន ឥឡូវនេះ Ma មិនត្រឹមតែជាមហាសេដ្ឋី និងអ្នកជំនួញឆ្នើមនោះទេ តែគាត់ក៏ជាអ្នកផ្ដល់ដំបូន្មានដល់សហគ្រិនគ្រប់រូបផងដែរ ហើយខាងក្រោមនេះគឺជាច្បាប់ចំនួន ៥ ក្នុងចំណោមច្បាប់ទាំង ១០ ដែលគាត់ប្រើដើម្បីចាប់យកភាពជោគជ័យ៖

១.ការបដិសេធមិនមែនបានន័យថាអាក្រក់ទាំងអស់ទេ៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុនពាន់លានដុល្លារ លោក Jack Ma ធ្លាប់ត្រូវបានគេបដិសេធមិនតិចដងទេទាំងក្នុងការសិក្សា ក្នុងការងារ និងការរកស៊ី។ ទោះយ៉ាងណាក៏ដោយគាត់មិនដែលអនុញ្ញាតឱ្យការបដិសេធនេះធ្វើឱ្យគាត់ធ្លាក់ទឹកចិត្តឡើយ។ ចំពោះគាត់ការចុះចាញ់បន្ទាប់ពីត្រូវគេបដិសេធមិនមែនជាគំនិតរបស់សហគ្រិននោះទេ​ គាត់ជឿជាក់ថាការត្រូវបានគេបដិសេធម្ដងហើយម្ដងទៀត នឹងជួយឱ្យអ្នកកាន់តែចង់បាន និងបង្ខំឱ្យអ្នកអភិវឌ្ឍលើភាពទន់ខ្សោយរបស់អ្នក។

២.មានក្ដីសុបិន្ត រឺគោលដៅធំ ហើយធ្វើវាឲ្យកើតមានឡើង៖ មានក្ដីសុបិន្ត និងគោលដៅធំៗ វានឹងផ្ដល់ឲ្យអ្នកនូវកម្លាំងជំរុញ ដើម្បីឈានទៅរកទិសដៅ​ច្បាស់លាស់ និងគោលបំណងច្បាស់លាស់។ ដូច្នេះហើយត្រូវរក្សាគោលដៅរបស់អ្នកហើយបន្តជំរុញវា ដោយការតស៊ូព្យាយាម និងការលះបង់គ្រប់គ្រាន់ក្តីសុបិន្តរបស់អ្នកនឹងក្លាយជាការពិត។ លោក Ma ជឿជាក់ថាអ្នកអាចសម្រេចបាននូវអ្វីដែលអ្នកចង់បាន ប្រសិនបើអ្នកធ្វើឱ្យក្តីសុបិន្តរបស់អ្នកនៅរស់។

៣.កុំផ្តោតលើចំណុចអវិជ្ជមាន – ផ្តោតលើអ្វីដែលល្អ៖ មិនថាអ្នកស្ថិតក្នុងជួរការងារអ្វីក៏ដោយអ្នកតែងតែទទួលបានការរិះគន់ មហាសេដ្ឋីចិនរូបនេះមិននិយាយថា មិនឲ្យអ្នកមិនគួរខ្វាយខ្វល់នឹងពាក្យទាំងនោះទេ ព្រោះវាអាចជំរុញឱ្យអ្នកវាយតម្លៃវិធីសាស្រ្តរបស់អ្នកឡើងវិញ និងកែលម្អ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែមានទំនុកចិត្តលើសមត្ថភាពរបស់អ្នក គុណភាព និងភាពជោគជ័យនៃគោលដៅរបស់អ្នក។ នេះគឺជាអ្វីដែលនឹងជួយអ្នកឱ្យទទួលជោគជ័យយោងទៅតាម Ma គាត់មិនចំណាយពេលឈ្លោះប្រកែកជាមួយអ្នកដែលមិនមានអ្វីល្អប្រសើរជាងធ្វើអវិជ្ជមានទេ។

៤.កុំភ្លេចមើលការផ្តោតអារម្មណ៍របស់អ្នក៖ លោក Ma ផ្ដោតទាំងស្រុងលើបេសកកម្ម និងគោលបំណងរបស់គាត់ជាញឹកញាប់ រហូតដល់ចំណុចដែលគាត់ត្រូវនិយាយថាទេចំពោះសំណើនិងឱកាសជាច្រើនដែលមើលទៅមិនទំនង ពោលគឺបើក្រៅពីឱកាសអាចរកលុយបានច្រើន ឬ វិធីល្អដើម្បីឲ្យកេរ្តិ៍ឈ្មោះគាត់ល្បីល្បាញនៅទីនោះ គាត់នឹងនិយាយថាទេ។ Ma ដឹងថាការផ្តោតអារម្មណ៍របស់គាត់គឺជាអ្វីហើយប្រសិនបើអ្នកចង់ទទួលបានជោគជ័យអ្នកក៏ត្រូវផ្តោតការយកចិត្តទុកដាក់ផងដែរ។

៥.ផ្តល់អាទិភាពដល់មនុស្សលំដាប់នេះ៖ ១.អតិថិជន ២.និយោជិក ៣.ម្ចាស់ភាគហ៊ុន មហាសេដ្ឋីរូបនេះបានបកស្រាយថា បើគ្មានអតិថិជនអ្នកគ្មានអាជីវកម្មទេ ព្រោះប្រាក់ចំណូលរបស់អ្នកទាំងអស់បានមកពីពួកគេ។ បើគ្មាននិយោជិកអ្នកគ្មានការច្នៃប្រឌិតទេហើយមិនមានការងារធ្វើទេ។ ចំនែកម្ចាស់ភាគហ៊ុន គឺមិនសូវសំខាន់នោះទេ ពួកគេមកវិនិយោគ ហើយក៏អាចចេញទៅវិញដែរ ព្រោះពួកគេមកទីនេះដើម្បីតែលុយ នៅពេលដែលក្រុមហ៊ុនមានបញ្ហាម្ចាស់ភាគហ៊ុននឹងចាក់ចេញ ប៉ុន្តែអ្នកនៅតែត្រូវការអតិថិជន និងនិយោជិករបស់អ្នកដើម្បីរក្សាអាជីវកម្មរបស់អ្នកឱ្យនៅដដែល៕

ប្រភព៖ moneyinc
អត្ថបទ៖ លីនី