ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos អាចនឹងក្លាយជាមហាសេដ្ឋីទី១ ដែលមានទ្រព្យសម្បត្តិច្រើនជាងមួយសែនកោដិដុល្លារនៅឆ្នាំ២០២៦
បុគ្គលជោគជ័យ May 15, 2020 Chan Sreyny

ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Jeff Bezos​ ស្ថាបនិកក្រុមហ៊ុន Amazon នៅតែបន្តកើនឡើងក្នុងអត្រាបច្ចុប្បន្ននេះ លោកអាចនឹងក្លាយជាមហាសេដ្ឋីទី១ (trillionaire) ដែលមានទ្រព្យសម្បត្តិច្រើនជាងមួយសែនកោដិដុល្លារ ក្នុងឆ្នាំ២០២៦ ក្នុងអាយុត្រឹមតែ ៦២​ឆ្នាំ នេះបើយោងតាមការវិភាគពីគេហទំព័រស្រាវជ្រាវ software Comparisun ។

តាមប្រភពដដែលបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Bezos បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៣៤% ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក បើទោះបីជាគាត់បានកាត់ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ដែលមានតម្លៃប្រមាណ ៣៨ ពាន់លានដុល្លារទៅឱ្យអតីតភរិយារបស់គាត់គឺ MacKenzie Bezos ក៏ដោយ ដើម្បីជាការទូទាត់ការលែងលះនាពេលថ្មីៗនេះ។

គួរឲ្យដឹងផងដែរថា Comparisun បានស្ទាប់ស្ទង់ទៅលើមនុស្ស ២៥ នាក់ក្នុងចំណោមអ្នកមានបំផុត ហើយបានរកឃើញថាមានតែ ១១ នាក់ប៉ុណ្ណោះដែលអាចក្លាយជាសេដ្ឋី ដែលមានប្រាក់ខ្ទង់លានកោដិដុល្លារ (trillionaire) នៅក្នុងជីវិតរស់នៅរបស់ពួកគេ។ ហើយ Bezos អាចនឹងក្លាយជាអ្នកទី១ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg អាចជាមហាសេដ្ឋី (trillionaire) ក្មេងជាងគេ ដោយអត្រាកំណើនបច្ចុប្បន្នរបស់លោកអាចធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់ក្នុងចំណោមមហាសេដ្ឋី ៤នាក់នៅឆ្នាំ ២០៣៦ នៅពេលដែលលោកមានអាយុ ៥១ឆ្នាំ។

បន្ថែមពីនេះ Comparisun បានប្រើបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes ដើម្បីកំណត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Bezos ប៉ុន្តែវាបានទាញទិន្នន័យពីខែកញ្ញាប៉ុណ្ណោះ មានន័យថា ការវិភាគនេះមិនគិតពីការចំណេញដែល Bezos បានឃើញក្នុងកំឡុងពេលមានជំងឺរាតត្បាត COvid-19 ដែលបង្កឱ្យភាគហ៊ុនរបស់ Amazon កើនឡើងយ៉ាងខ្លាំងនៅពេលមនុស្សកាន់តែងាកទៅរកការទិញទំនិញតាមអ៉ីនធឺណេតនោះទេ។ ដោយយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាលោក Bezos មានទ្រព្យសម្បត្តិប្រហែល ១៣៨ ពាន់លានដុល្លារ ហើយបានមើលឃើញកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកចំនួន ២៨.៣ ពាន់លានដុល្លារគិតមកដល់ឆ្នាំ ២០២០ នេះ៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី