លោក លី កាស៊ីង ជាអ្នកវិនិយោគ សប្បុរសជន និងជាអ្នកជំនួញហុងកុងដ៏ល្បីម្នាក់ ដោយយោងតាមសន្ទស្សន៍សេដ្ឋី Bloomberg គាត់ក៏ជាបុរសម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅអាស៊ី។ មហាសេដ្ឋីរូបនេះកើតនៅខេត្តក្វាងទុង ប្រទេសចិនក្នុងឆ្នាំ ១៩២៨ នៅក្នុងគ្រួសារមានជីវភាពសមល្មមមួយ ប៉ុន្តែនៅពេលឪពុកគាត់បានទទួលមរណភាព បានបង្ខំឲ្យគាត់ឈប់រៀនមុនពេលគាត់មានអាយុ ១៥ ឆ្នាំ។ គាត់បានរកការងារធ្វើនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មផ្លាស្ទិកដែលគាត់ធ្វើការ ១៦ ម៉ោងក្នុងមួយថ្ងៃ ហើយបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅឆ្នាំ ១៩៥០។
សព្វថ្ងៃនេះលោក លី កាស៊ីង បានក្លាយជាអ្នកជំនួញម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបទពិសោធជោគជ័យរបស់គាត់ មហាសេដ្ឋីរូបនេះអាចរកឃើញការពិតនៅក្នុងជីវិតដែលនឹងដើរតួនាទីជាគោលការណ៍ណែនាំសម្រាប់មនុស្សជាច្រើនដែលមានគោលបំណងដើម្បីទទួលបានជោគជ័យ។ គាត់ គឺជាវីរភាពនៃជ័យជម្នះទោះបីជាមានកាលៈទេសៈមិនអំណោយផលក្នុងជីវិតវ័យក្មេងក៏ដោយ។ យ៉ាងណាមិញលោក លីមានគំនិតល្អៗ ជាច្រើនហើយនេះគឺ ជាគំនិតដែលល្អបំផុតចំនួន ៦ របស់គាត់ដើម្បីទទួលបានជោគជ័យ៖

១. ក្នុងនាមជាអ្នកដឹកនាំម្នាក់ គួរចំណាយពេលឲ្យច្រើនជាងអ្នកដទៃក្នុងការរៀបចំគម្រោងសម្រាប់អនាគត។
២. មិនត្រូវមានគំនិតមិនល្អ បើទោះបីទីផ្សារធ្លាក់ចុះ ហើយមានគំនិតល្អខ្លាំងពេកបើទោះបីជាទីផ្សារមានការកើនឡើងក៏ដោយ។
៣. កេរ្តិ៍ឈ្មោះរឹងមាំសម្រាប់ខ្លួនអ្នក និងអាជីវកម្មរបស់អ្នក គឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបាន លើសពីតួលេខដែលមាននៅក្នុងគណនេយ្យប្រចាំឆ្នាំ។
៤. អំណាច និងជំនឿលើខ្លួនឯងមិនមែនជាបញ្ហាសម្រាប់អ្នកទេ តែប្រសិនបើអ្នកមិនមានបេះដូងដ៏រឹងមាំអ្នកនឹងមិនទទួលបាននូវសមិទ្ធិផលពិតទេ។
៥. ដើម្បីក្លាយជាអ្នកគ្រប់គ្រងជោគជ័យ ឥរិយាបថ និងសមត្ថភាពគឺជាអាវុធសំខាន់ដូចគ្នា។ អ្នកដឹកនាំបំផុសអ្នកដទៃឲ្យពូកែ ខណៈចៅហ្វាយប្រើអំណាចត្រួតត្រាអ្នកក្រោមបង្គាប់ឲ្យមានអារម្មណ៍តូចទាប។
៦. សិល្បៈនៃការគ្រប់គ្រងបានល្អ គឺស្ថិតនៅក្នុងសមត្ថភាពក្នុងការទទួលយកការផ្លាស់ប្តូរ និងសមត្ថភាពក្នុងការគិតបែបថ្មី និងបែបប្រពៃណី។

ប្រភព៖ linkedin
អត្ថបទ៖ លីនី


