មហាសេដ្ឋី Bill Gates ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាអ្នកបង្កើតមូលនិធិមនុស្សធម៌ Bill and Melinda Gates តែងតាសតឿនជារឿយពីជំងឺរាតត្បាតដែលអាចកើតមានឡើង។ ហើយកាលពីពេលថ្មីនេះបានគូសបញ្ជាក់ពីអ្វីដែលពិភពលោកត្រូវធ្វើដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ Covid-19 និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈដែលតួលេខអ្នកឆ្លងនៅលើពិភពលោកកើនឡើងគ្មានស្រាកស្រាន។
ដើម្បីបញ្ឈប់ការរីករាលដាល មហាសេដ្ឋីរូបនេះបានលើកឡើងថា ពិភពលោកត្រូវតែជម្រុញការព្យាបាលវ៉ាក់សាំង ការធ្វើតេស្ត និងការទាក់ទង មិនតែប៉ុណ្ណោះពិភពលោកក៏ចាំបាច់ត្រូវពិនិត្យមើលគោលនយោបាយរបស់ខ្លួនសម្រាប់ការបើកសេដ្ឋកិច្ចពិភពលោក ដោយគាត់បានប្រៀបធៀបការរាតត្បាតនៃវីរុស Covid-19 ទៅនឹងសង្គ្រាម។ ហើយនេះជាអ្វីដែលហ្គេតស៍បាននិយាយលើវិស័យច្នៃប្រឌិតទាំង ៥ ដែលពិភពលោកត្រូវការដើម្បីបញ្ឈប់ការរាតត្បាត៖
១.ការព្យាបាល៖ លោក Gates បានទទួលស្គាល់ថាការព្យាបាលជាច្រើនអាចនឹងបរាជ័យ ប៉ុន្តែគាត់មានសុទិដ្ឋិនិយមថាវិធីព្យាបាលខ្លះនឹងទទួលបានជោគជ័យក្នុងការកាត់បន្ថយបន្ទុកនៃវីរុស Covid-19 ។ លោកបានមានប្រសាសន៍ថា សាធារណជននឹងត្រូវការការព្យាបាលដែលមានប្រសិទ្ធិភាព ៩៥% ដើម្បីឱ្យប្រជាជនមានអារម្មណ៍សុវត្ថិភាពនៅក្នុងការជួបជុំសាធារណៈដូចជា ព្រឹត្តិការណ៍កីឡាបាល់ទាត់ ឬការប្រគំតន្ត្រីជាដើម។ ដូច្នេះគាត់បានចង្អុលបង្ហាញពីសក្តានុពលនៃការប្រើប្រាស់ប្លាស្មាឈាម ឬប្រភេទថ្នាំប្រឆាំងនឹងវីរុស។

២.វ៉ាក់សាំង៖ ចំពោះវីរុសប្រភេទថ្មីដ៏កាចសាហាវនេះ វិធីតែមួយគត់ដើម្បីឲ្យមនុស្សវិលត្រឡប់ទៅរកភាពធម្មតាវិញ គឺតាមរយៈវ៉ាក់សាំង។ ទោះយ៉ាងណាលោក Gates បានព្រមានថាជាធម្មតា ក្នុងការបង្កើតវ៉ាក់សាំងសម្រាប់ជំងឺថ្មីមួយត្រូវការពេល ៥ ឆ្នាំ មុនពេលត្រូវយកមកលក់នៅលើទីផ្សារ។ តែទោះជាយ៉ាងនេះក្ដីគាត់គិតថាវ៉ាក់សាំងមួយអាចនឹងកើតឡើងក្នុងរយៈពេល ១៨ ខែទោះបីជាវាអាចមានរយៈពេល ៩ ខែ ឬរហូតដល់ពីរឆ្នាំទៀតក៏ដោយ។

៣.ការធ្វើតេស្តៈ៖ មហាចិត្តធម៌រូបនេះបាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវផ្តល់អាទិភាពនិងពន្លឿនការធ្វើតេស្ត Covid-19 ដើម្បីទទួលបានលទ្ធផលក្នុងរយៈពេលមួយថ្ងៃ។ គាត់បានបន្តថា បុគ្គលិកសុខាភិបាលទាំងអស់គួរតែទទួលការធ្វើតេស្តខណៈពេលដែលមនុស្សដែល មិនមានរោគសញ្ញាគួររង់ចាំការធ្វើតេស្តរហូតដល់មនុស្សរោគសញ្ញាទាំងអស់ត្រូវបានធ្វើតេស្តរួចរាល់។ បន្ថែមពីនេះ Gates បានបន្តថាប្រជាជនគួរតែមានសិទ្ធិទទួលបានការធ្វើតេស្តនៅផ្ទះមិនថាវាជាលទ្ធផលវិជ្ជមានមួយដែលមិនត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ក៏ដោយ។

៤.ការតាមដានទំនាក់ទំនង៖ លោក Gates បាននិយាយថាមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានគួរតែត្រូវបានផ្តល់អាទិភាពសម្រាប់ការធ្វើតេស្ត និងដាក់ឲ្យនៅដាច់ដោយឡែក។ គាត់ជឿជាក់ថាប្រទេសភាគច្រើននឹងដើរតាមទំនាក់ទំនងដឹកនាំរបស់អាឡឺម៉ង់ដែលតម្រូវឱ្យសម្ភាសអ្នកដែលមានវិជ្ជមានវីរុស Covid-19 និងប្រើមូលដ្ឋានទិន្នន័យដើម្បីបញ្ជាក់ថាពួកគេបានតាមដានជាមួយអ្នកជំងឺ។

៥.ការបើកប្រទេសឡើងវិញ៖ មហាសេដ្ឋីរូបនេះជឿជាក់ថាប្រទេសអភិវឌ្ឍន៍ភាគច្រើននឹងឈានចូលដំណាក់កាលទី២ នៃជំងឺរាតត្បាតនៅក្នុងរយៈពេល ២ ខែខាងមុខនេះ។ ដែលពេលនោះពិភពលោកពាក់កណ្តាលនឹងមើលទៅដូចធម្មតា ទោះបីជាមនុស្សនៅតែអនុវត្តការឃ្លាតឆ្ងាយពីសង្គមក៏ដោយ។ លោកបានមានប្រសាសន៍ថា ប្រទេសនានាត្រូវរៀនសូត្រពីប្រទេសដទៃទៀតដែលបានធ្វើការសាកល្បងយ៉ាងខ្លាំងក្លានៅពេលដែលបើកប្រទេសឡើងវិញក្នុងពេលដ៏សមស្របណាមួយ។ គាត់បានបន្ថែមទៀតថា មន្រ្តីនឹងត្រូវធ្វើការដោះដូរពាណិជ្ជកម្មដោយផ្អែកលើហានិភ័យ និងអត្ថប្រយោជន៍៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី


