លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូបដែលមានគំនិតឆ្លាតវាងវៃ មិនតែប៉ុណ្ណោះមានសមត្ថភាពពិសេសក្នុងការវិភាគចំពោះជំងឺរាតត្បាតនានា ដែលកើតមានឡើងដូចជាវីរុសកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះបានយ៉ាងសមហេតុសមផល។ លើសពីនេះគាត់តែងតែដាស់តឿនពីការកើតឡើងនៃហានិភ័យនេះ ជាច្រើនលើកច្រើនសារមកហើយដល់សាធារណជន រួមទាំងថ្នាក់ដឹកនាំធំៗ។
ជាក់ស្ដែងស្ថិតក្នុងស្ថានភាពដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតនេះ ប្រជាជននៅទូទាំងពិភពលោកបានប្រញាប់ប្រញាល់ និងភ័យស្លន់ស្លោរក្នុងការស្តុកអាហារ និងរបស់របរប្រើប្រាស់ដោយភ័យខ្លាចមានការខ្វះខាត។ ប៉ុន្តែសម្រាប់មហាសេដ្ឋីរូបនេះ រួមជាមួយប្រពន្ធរបស់គាត់មាន ទម្លាប់ ស្តុកទុកអាហារ និងសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ក្រោមដីរបស់ពួកគេមុនពេលកើតមានជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះទៅទៀត។

លោកស្រី Melinda Gates បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ BBC កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីនិងស្វាមីរបស់ខ្លួនបានស្តុកអាហារនៅក្នុងបន្ទប់ក្រោមដីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគិតទុកមុនថានឹងមានជំងឺរាតត្បាត ឬគ្រោះមហន្តរាយផ្សេងទៀតកើតមានឡើង។ លោកស្រីបានបន្តថា កាលពីប៉ុន្មានឆ្នាំមុនគាត់និងស្វាមីបាននិយាយគ្នាអំពីបញ្ហាដែលក្រុមគ្រួសារគាត់នឹងជួបប្រទះ ប្រសិនបើមិនមានទឹកស្អាត ឬ អាហារគ្រប់គ្រាន់សម្រាប់បរិភោគនៅពេលកើតមានជំងឺរាតត្បាត ឬគ្រោះមហន្តរាយ។

គិតមកដល់ឆ្នាំ២០១០ លោក Bill Gates បានព្រមានពីការរីករាលដាលនៃរោគរាតត្បាតតាមរយៈការសរសេរប្លុកបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ H1N1 ឆ្នាំ ២០០៩។ ដោយឡែកនៅក្នុងខែមេសាឆ្នាំ២០១៨ គាត់និយាយថា ពិភពលោកចាំបាច់ត្រូវត្រៀមសម្រាប់ជំងឺរាតត្បាតតាមរបៀបដែលខ្លួនត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈពេលដែលពិភពលោកមិនបានត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍បែបនេះដែលកើតមានឡើងដូចជាវីរុសកូវីដ-១៩ នេះទេ។ យ៉ាងណាមិញគំនិតរបស់ លោក Bill Gates និងភរិយាបានឆ្លុះបញ្ចាំងថា គាត់មិនចាំបាច់ត្រូវភ័យព្រួយរឿងស្បៀងអាហារ ខណៈដែលគាត់ត្រូវមានកាតព្វកិច្ចជាច្រើនត្រូវដោះស្រាយ៕
ប្រភព៖ cnbc
អត្ថបទ៖ លីនី


