ពេលដែលគំនិតអស្ចារ្យជាច្រើនបានប្រាស្រ័យទាក់ទងគ្នា វារមែងបង្កើតឱ្យមានដំណឹងល្អៗសម្រាប់មហាជនទូទៅ។ ប៉ុន្តែថ្មីៗនេះស្ថាបនិកក្រុមហ៊ុន Alibaba គឺលោក Jack Ma និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ពួកគាត់បានជួបជជែកវែកញែកគ្នា នៅឯសន្និសីទភាពវៃឆ្លាតសិប្បនិម្មិតពិភពលោក ឆ្នាំ២០១៩ (WAIC) ជាមួយនឹងប្រធានបទបន្ទាប់បន្សំមួយ ដែលគួរឱ្យចាប់អារម្មណ៍ជាង AI ឬការធ្វើអាណានិគមទៅភពព្រះអង្គារទៅទៀត។
ការពិតទៅអ្នកទាំងពីរមិនមានការគិតស្របគ្នាជាមួយនឹងប្រធានបទទាក់ទងនឹង AI នោះទេ ប៉ុន្តែមានចំណុចមួយដែលអ្នកទាំងពីរយល់ស្របគ្នា ហើយវាជាចំណុចគួរឱ្យចាប់អារម្មណ៍នោះគឺ បញ្ហាកំណើនមនុស្សថយចុះ ឬ “Population collapse” ។ នៅឯ WAIC កាលពីថ្ងៃទី២៩ ខែសីហា មហាសេដ្ឋីទាំងពីរបានយល់ស្របថា “Population collapse” នេះពិតជាបញ្ហាធំបំផុត ដែលពិភពលោកនឹងត្រូវប្រឈមមុខនាពេលណាមួយ។
ថ្លែងទៅកាន់ទស្សនិកជនលោក Elon Musk បាននិយាយថា៖ “មនុស្សភាគច្រើនគិតថា សព្វថ្ងៃយើងមានមនុស្សច្រើនណាស់នៅលើភពផែនដី ប៉ុន្តែតាមពិតនេះគឺជាទស្សនៈហួសសម័យ។ ដោយសន្មតជាមុនថាអនាគតយើងប្រកបដោយភាពមេត្តាជាមួយ AI ខ្ញុំគិតថាបញ្ហាធំបំផុតដែលពិភពលោកនឹងប្រឈមមុខក្នុងរយៈពេល ២០ឆ្នាំ គឺការដួលរលំនៃចំនួនប្រជាជន”។
ចំណែកលោក Jack Ma ក៏បានយល់ស្រប និងនិយាយថា៖ “ខ្ញុំពិតជាយល់ស្របនឹងរឿងនេះ។ ប្រជាជននឹងត្រូវប្រឈមនឹងបញ្ហាធំ។ ប្រជាជនចិនសព្វថ្ងៃមានចំនួន ១.៤ពាន់លាននាក់ ស្តាប់ហើយនឹងគិតថាច្រើន។ ប៉ុន្តែខ្ញុំគិតថា ២០ឆ្នាំក្រោយ យើងនឹងឃើញរឿងនេះ នឹងនាំមកនូវបញ្ហាធំដល់ប្រទេសចិន។ ហើយល្បឿននៃការថយចុះចំនួនប្រជាជននឹងកើនឡើងជាលំដាប់។ អ្នកអាចនឹងហៅវាថាជាវិបត្ដិ”។
ខណៈពេលដែលមហាសេដ្ឋីទាំងពីរបានយល់ស្របថា “Population collapse” ពិតជាបញ្ហាធំបំផុតរបស់មនុស្សជាតិ ក៏មានការរាយការណ៍ពី Pew Research Center ដែលបានបញ្ជាក់ថា ការយល់ឃើញរបស់អ្នកទាំង ២ គឺពិតជាត្រឹមត្រូវមែន។ អត្រាបង្កកំណើតពិភពលោកបច្ចុប្បន្នគឺ ២.៥ ហើយវាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ១.៩ នៅឆ្នាំ២០២១ លុះដល់ ឆ្នាំ២១០០ ពិភពលោកនឹងប្រឈមជាមួយបញ្ហាកំណើនមនុស្សថយចុះធ្ងន់ធ្ងរបំផុត។ ចុះលោកអ្នកវិញ យល់ស្របចំពោះការមើលឃើញរបស់អ្នកទាំងពីរដែរទេ?



អត្ថបទ៖ លីដា


