លោក Jackie Chan ជាបុគ្គលទទួលបានការកោតសរសើរច្រើនបំផុតរបស់ពិភពលោកលំដាប់ទី៣ ដែលខ្ពស់ជាងលោក Xi Jinping និងលោក Jack Ma ទៅទៀត
បុគ្គលជោគជ័យ July 22, 2019 Khmernote

ខណៈពេលដែលលោក Xi Jinping អាចនិយាយបានថាគឺជា «ប្រធានាធិបតីពេញមួយជីវិត» ហើយលោក Jack Ma ដែលជាសហគ្រិនមានឥទ្ធិពលបំផុតរបស់ប្រទេសចិន ពួកគេនៅតែមានការកោតសរសើរពីមនុស្សជុំវិញពិភពលោក មិនឈ្នះតារាសម្ដែងកុង​ហ្វូលោក Jackie Chan ឬដែលជាទូទៅពួកយើងហៅគាត់ថា ឈិន ឡុង នោះទេ។ នៅក្នុងការស្ទង់មតិ YouGov ថ្មីមួយ ដែលមានបំណងកំណត់មនុស្ស ដែលមានការកោតសរសើរបំផុតនៅលើពិភពលោក ក្នុងនោះអ្នកទាំង៣ បានឈរនៅលំដាប់ទី៣, ទី៤ និងទី៥ តរៀងគ្នា​ (តារាងផ្នែកបុរស) ហើយនៅពីក្រោយតែស្ថាបនិក Microsoft លោក Bill Gates និងអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះផងដែរ លំដាប់ទី៨ បានទៅសម្តេចសង្ឃដាឡៃឡាម៉ា Lhamo Thondup ដែលស្ថិតនៅចន្លោះរវាងកីឡាករ Cristiano Ronaldo (ទី៧) និង Lionel Messi (ទី៩) ចំណែកលំដាប់ទី ២០ បានទៅលើតារាហុងកុងលោក Andy Lau ។ នៅតារាងផ្នែកខាងស្ត្រី លោកស្រី Michelle Obama ឈរនៅលំដាប់កំពូល ដេញតាមពីក្រោយដោយនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយអាមេរិកអ្នកស្រី Oprah Winfrey និងតារាសម្ដែងហូលីវូដ Angelina Jolie ។ លោកស្រី Peng Liyuan ដែលជាភរិយារបស់លោក Xi Jinping ឈរនៅលំដាប់ ទី៧ ដែលនាំមុខលោកស្រី ហ៊ីលឡារី គ្លិនតុន (ទី៨) ខណៈលំដាប់ ទី៩ គឺបានទៅអ្នកស្រី Tu Youyou អាយុ ៨៨ឆ្នាំ ជាអ្នកវិទ្យាសាស្ត្រចិន ដែលបានឈ្នះរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬឱសថ។ អ្នកស្រី Tu Youyou ជាប់ចំណាត់ថ្នាក់ខ្ពស់ជាង Taylor Swift (ទី១០), Madonna (ទី១១), Angela Merkel (ទី១២) និង Ellen DeGeneres (ទី១៥) ផងដែរ៕

អត្ថបទ៖ លីដា