Bill Gates មិនមែនជាអ្នកមានជាងគេលំដាប់ទី ២ នៅលើលោកនេះទៀតទេ
បុគ្គលជោគជ័យ July 17, 2019 Khmernote

លោក Bill Gates មិនដែលជាប់ចំណាត់ថ្នាក់ទាបជាងលេខ ២ នោះទេ ក្នុងប្រវត្តិសាស្រ្ត ៧ឆ្នាំ នៃសន្ទស្សន៍មហាសេដ្ឋីរបស់ភ្នាក់ងារ Bloomberg ។ ប៉ុន្តែរបាយការណ៍កាលពីថ្ងៃអង្គារបានបញ្ជាក់ថា សហស្ថាបនិកក្រុមហ៊ុន Microsoft Corp រូបនេះបានធ្លាក់មកឈរលំដាប់ទី ៣ នៅពីក្រោយលោក Bernard Arnault ជានាយក​ប្រតិបត្តិរបស់ក្រុមហ៊ុនផលិតទំនិញប្រណីត LVMH របស់បារាំង។ លោក Bernard Arnault បានបំបែកកំណត់ត្រាថ្មីមួយ ដោយមានទ្រព្យសម្បត្តិរហូតដល់ទៅ ១០៧.៦ពាន់លានដុល្លារ ដែលច្រើនជាងទ្រព្យសម្បត្តិរបស់លោក Bill Gates ចំនួនប្រហែល ២០០លានដុល្លារ។

នៅក្នុងឆ្នាំ ២០១៩ នេះលោក Arnault មានទ្រព្យសម្បត្តិបន្ថែមចំនួន ៣៩ពាន់លានដុល្លារ ដែលនេះក៏ជាតួរលេខកំណើនខ្ពសស់ជាងគេក្នុងចំណោមបុគ្គលទាំង ៥០០ នៅក្នុងចំណាត់ថ្នាក់របស់ Bloomberg ផងដែរ។ វាជាលើកដំបូងហើយដែលលោក Bernard Arnault មានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ។ ហើយនេះមានន័យថា បុគ្គលដែលមានបំផុតទាំង ៣ ប្រចាំឆ្នាំ ២០១៩ គឺទី១ ស្ថាបនិក Amazon.com Inc. លោក Jeff Bezos , ទី២ នាយក​ប្រតិបត្តិ LVMH លោក Bernard Arnault និងទី៣ ស្ថាបនិក Microsoft Corporation លោក Bill Gates ៕

អត្ថបទ៖ លីដា