លោក Mark Zuckerberg នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ Facebook បានសំរេចនូវអ្វីដែលមានតែមនុស្សតិចតួចប៉ុណ្ណោះដែលអាចសុបិន្ត និងសម្រេចបានក្នុងរយៈពេលខ្លី។ សព្វថ្ងៃនេះលោកមានអាយុ ៣៣ ឆ្នាំ ហើយត្រូវបានគេចុះបញ្ជីក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៧១ ពាន់លានដុល្លារដោយសារភាពជោគជ័យក្នុងការបង្កើតហ្វេសប៊ុក ជាមួយនឹងការរៀនសូត្រពីរឿងមួយចំនួនដូចជា៖
១.ត្រូវមានចំណាប់អារម្មណ៍នូវអ្វីដែលអ្នកធ្វើ៖ នៅពេលអ្នកពិនិត្យមើលយ៉ាងដិតដល់នូវជីវិតរបស់សហគ្រិនដែលជោគជ័យបំផុតមួយចំនួននៅលើពិភពលោក អ្នកនឹងកត់សំគាល់លក្ខណៈទូទៅមួយរបស់ពួកគេ គឺការងប់ងល់អំពីអ្វីដែលពួកគេធ្វើ។ ដោយសារតែចំណង់ចំណូលចិត្តទាំងនេះ បានធ្វើឱ្យហ្វេសប៊ុកមានការច្នៃប្រឌិដ្ឋជាបន្តបន្ទាប់ និងយកឈ្នះរាល់ឧបសគ្គដែលបានកើតឡើង។ ជាក់ស្ដែងលោក Donald Trump ក៏បានលើកឡើងដែរថា « គ្មានចំណង់ចំណូលចិត្ត អ្នកនឹងមិនមានថាមពល ហើយគ្មានថាមពល អ្នកនឹងគ្មានអ្វីទាំងអស់ » ។
២.កំណត់គោលដៅឲ្យខ្ពស់ជាមួយរយៈពេលយូរអង្វែង៖ Mark Zuckerberg បានដើរតាមគំនិតដែលបានគិតថា ” ចូរគិតឲ្យបានធំ ហើយចាប់ផ្ដើមពីតូច ” ក្នុងជីវិតរបស់លោក តាំងពីការចាប់ផ្ដើមដ៏តូចមួយ រហូតអាចសម្រេចបានភាពជោគជ័យ លោកតែងតែកំណត់គោលដៅរបស់ខ្លួនសម្រាប់រយៈពេលវែង ដោយរូបលោកបានច្រានចោលការផ្តល់ប្រាក់ឧបត្ថម្ភជាច្រើនដោយអះអាងយ៉ាងមុតមាំថា “ខ្ញុំមកទីនេះដើម្បីកសាងអ្វីមួយសម្រាប់រយៈពេលវែង” ។ លើសពីនេះលោកតែងតែប្រាថ្នាផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរជាងមុន ដល់អ្នកប្រើ ដែលមានការច្នៃប្រឌិត និងលក្ខណៈពិសេសថ្មីៗ។
៣.ធ្វើការផ្លាស់ប្ដូរឲ្យរហ័ស និងអាចសម្រេចបាន ៖ នៅពេលដែលក្រុមហ៊ុនហ្វេសប៊ុកមានបញ្ហា Zuckerberg តែងតែជាអ្នកតស៊ូមតិក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទោះបីជាពេលខ្លះប្រឈមមុខនឹងការបែកបាក់ក៏ដោយ លោកតែងតែដោះស្រាយរាល់បញ្ហា និងទទួលយករាល់ការប្រឆាំងពីអ្នកប្រើប្រាស់ ដោយការផ្លាស់ប្ដូរដ៏ឆាប់រហ័សមួយ ដែលអាចធ្វើឲ្យពួកគេអាចដោះស្រាយបញ្ហាតាមរបៀបដែលមិនចាំបាច់មិនមានការទុកចិត្តឡើយ។
៤.ធ្វើការស្រាជ្រាវមុនពេលប្ដេជ្ញាចិត្ត៖ កំហុសធំបំផុតមួយ ក្នុងចំណោមកំហុសជាច្រើនដែលសហគ្រិនវ័យក្មេងធ្វើ គឺពួកគេបានលោតរំលងខ្លួនឯង ហើយដើរតាមគ្រប់និន្នាការដែលពេញនិយម។ ផ្ទុយស្រឡះពី Zuckerberg ដែលតែងតែសិក្សាស្រាវជ្រាវបានច្បាស់ មុនពេលដែលរូបលោកប្ដេជ្ញាចិត្តធ្វើអ្វីមួយ ដោយលោកបានលើកឡើងថា « ហានិភ័យដ៏ធំបំផុត គឺមិនហ៊ានក្នុងការប្រឈមមុខនឹងហានិភ័យ »។
៥.ជួលមនុស្សដែលត្រឹមត្រូវ៖ បើនិយាយពីការជួលបុគ្គលិកឲ្យក្រុមហ៊ុនមិនមាននរណាម្នាក់ពូកែដូច Zuckerberg នោះទេ ដោយលោកបានពន្យល់ពីលក្ខណៈសម្បត្តិដែរលោកត្រូវការគឺ « ខ្ញុំនឹងជួលអ្នកណាម្នាក់ដើម្បីធ្វើការឱ្យខ្ញុំ ប្រសិនបើខ្ញុំធ្វើការឱ្យពួកគេ» បន្ថែមពីនេះលោកក៏បានបង្ហាញពីគន្លឹះក្នុងការជួលបុគ្គលិកដែលល្អបំផុតគឺចាប់ផ្ដើមពីការត្រៀមខ្លួន និងការតាំងជំហររបស់អ្នក។
៦.ផ្តោតលើផលិតផលរបស់អ្នក និងធ្វើឱ្យវាកាន់តែប្រសើរ៖ Mark Zuckerberg ទទួលបានជោគជ័យមកទល់បច្ចុប្បន្នដោយសារតែលោកផ្តោតសំខាន់ទៅលើផលិតផលរបស់ខ្លួន និងធ្វើវាឲ្យកាន់តែល្អ ដោយមិនខ្វល់ពីតួនាទី ឬ ឋានៈអ្វីឡើយ លោកត្រូវរកមើលចន្លោះប្រហោងនិងជួសជុលវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការសម្របសម្រួលជាមួយក្រុមរបស់គាត់ដើម្បីកែលម្អហ្វេសប៊ុក។ ដូច្នេះក្នុងនាមជាសហគ្រិនវ័យក្មេងអ្នកត្រូវផ្តោតទៅលើអ្វីដែលអតិថិជនរបស់អ្នកចង់បាន និងកែតម្រូវផលិតផលរបស់អ្នកឲ្យកាន់តែប្រសើរ។
៧.ពេលវេលា គឺជាមាសប្រាក់៖ លក្ខណៈមួយទៀតដែលសហគ្រិនទទួលបានជោគជ័យបំផុតនោះគឺ ការឲ្យតម្លៃទៅលើពេលវេលារបស់ពួកគេសំខាន់ជាងរឿងអ្វីៗទាំងអស់ សូម្បីតែ Mark Zuckerberg ជាដើម។ សម្រាប់រូបលោកអាយុគឺ គ្រាន់តែជាចំនួនមួយ គាត់ចង់សម្រេចបាននូវរឿងធំៗ នៅក្នុងជីវិតដែលនេះជាមូលហេតុដែលលោកឱ្យតម្លៃពេលវេលារបស់ខ្លួនយ៉ាងសំខាន់។
៨.រៀនពីអ្វីៗគ្រប់បែបយ៉ាង គ្រប់ពេលវេលា៖ បើទោះបីជា Mark Zuckerber ទទួលបានជោគជ័យ និងធ្លាប់កសាងរឿងល្អជាច្រើននៅក្នុងជីវិត ព្រមទាំងពេញចិត្តនូវអ្វីដែលលោកសម្រេចបានក៏ដោយ ក៏លោកនៅតែមិនបោះបង់ចោលការរៀនសូត្រ នូវអ្វីដែលថ្មីៗ ដើម្បីស្ថិតនៅជាប់នឹងការអភិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងពិភពបច្ចេកវិទ្យា។ ដូច្នេះមិនថាអ្នកចេះដឹងច្រើនប៉ុណ្ណានោះទេ តែអ្នកក៏នៅតែត្រូវការចំណេះដឹងជាច្រើនទៀតដើម្បីអភិវឌ្ឍន៍ខ្លួនបន្តទៀត៕
អត្ថបទ៖ លីនី


