ក្នុងមួយឆ្នាំៗ សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% និងផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោន
បុគ្គលជោគជ័យ June 23, 2026 Khmernote

អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ​ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​ បាន​ និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។

ប្រធានក្រុមប្រឹក្សាភិបាល ថ្លែងបែបនេះក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ

អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ,​ សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម៕ ប្រភព៖ បណ្តាញសង្គមការងារផ្លូវការរបស់សម្តេចធិបតី