យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រាសាទកោះកេរ ដែលបច្ចុប្បន្នជាសមាជិកដ៏មានមោទកភាពនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានជាប់ចំណាត់ថ្នាក់ទី៣៤ ក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង៥២ សម្រាប់ឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់ កាសែតញូវយ៉កថាមស៍ (NYT) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ ។
យោងតាមរបាយការណ៍ តារាងគោលដៅទេសចរណ៍កំពូលទាំង៥២ កន្លែង សម្រាប់ឆ្នាំ២០២៤ របស់កាសែតញូវយ៉កថាមស៍ បានបង្ហាញថា ក្នុងចំណោមទីតាំងទាំង ៥២ គេឃើញមានទីតាំងក្នុងតំប់អាស៊ីអាគ្នេយ៍តែ ៣ ប៉ុណ្ណោះ គឺចំណាត់ថ្នាក់លេខ៦ ប្រទេសសិង្ហបុរី ចំណាត់ថ្នាក់លេខ២៤ បឹង Toba ប្រទេសឥណ្ឌូនេស៊ី និងចំណាត់ថ្នាក់លេខ ៣៤ គឺប្រាសាទកោះកេរ របស់ប្រទេសកម្ពុជា ។
ប្រាសាទកោះកេរ មានទីតាំងដាច់ស្រយាល ស្ថិតនៅភាគខាងជើង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេក និងមានប្រជាជនរស់នៅតិចតួច។
ប្រាសាទកោះកេរ កាលដើមឡើយមានឈ្មោះថា ធោកគគ្យិ៍រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ សម្រាប់ឧទ្ទិសថ្វាយដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក ។
គេបានចាត់ទុកប្រសាទនេះថា ជាប្រាសាទភ្នំ មានកំពស់៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ដូចមហាចេតីយពីរ៉ាមីត បែរមុខទៅទិសខាងលិចទៅរករាជធានីអង្គរ មានជណ្តើរចំនួន៥៥កាំ លើកំពូលមានរូបចម្លាក់ទម្រព្រះសេវលិង្គ ហើយចំកណ្តាលមានមាត់អណ្តូងប្រវែង៤ម៉ែត្រ៤ជ្រុងចុះទៅក្រោម តែមិនអាចមើលឃើញដល់បាតព្រោះដុះលុបជិតអស់។ ហើយនៅជុំវិញប្រាសាទនេះ ក្រុមស្រាវជ្រាវបានរុករកឃើញមានប្រាសាទតូចៗចំនួន៩៦បន្ថែមទៀត នៅដាច់ៗពីគ្នា ដែលមានចម្ងាយពីគ្នាពី១គីឡូម៉ែត្រ ទៅ៣ឬ៤គីឡូម៉ែត្រ ហើយមានប្រាសាទខ្លះបាក់បែកបាត់រូបរាង និងនៅកប់ក្នុងដីជាច្រើនទៀត ។
យោងតាមឯកសារប្រវត្តិប្រាសាទកោះកេរ ដែលផ្សាយដោយរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងឆ្នាំ៩២១ ព្រះបាទជ័យវរ្ម័នទី៤ (ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកេរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគត ត រាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហា (ទំនាស់រាជបល្ល័ង្គ?) ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)គឺព្រះបាទហស៌វរ្ម័៍នទី១ (៩១០-៩២៣) និងព្រះបាទឥសានវរ្ម័នទី២ (៩២៣-៩២៨) ពេលដែលបិតាសោយទីវង្គត់។
នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកេរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង និងបានកសាងប្រាសាទធំ ទុកសម្រាប់ឧទ្ទិសដល់បុព្វការីជន និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទិសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរហាល (បារាយណ៍) និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។ បើតាមសិលាចារឹកប្រាសាទនាងខ្មៅ (ស្រុកសំរោង ខេត្តតាកែវ) និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ៩២៨។
បើទោះបីជាកោះកេរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទឹសដល់ព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះគណេស និងទេពដទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលិង្គដែលមានទំហំធំៗ។
ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ បានរងនូវការបំផ្លិចបំផ្លាញ យ៉ាងដំណំ។ តំបន់កោះកេរ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្ថុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភ័ណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។
ចាប់ពីឆ្នាំ១៩៧០ នៅតំបន់កោះកេរ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកចុះចូលជាមួយ រាជរដ្ឋាភិបាល តំបន់កោះកេរ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។
សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា ដោយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក លើកទី៤៥ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕



ស្រាវជ្រាវដោយ៖ ប៉ោ កុសល
ប្រភព៖The Star, New York Time, រដ្ឋបាលខេត្តព្រះវិហារ


