មហាសេដ្ឋីឥណ្ឌា ២រូប ដែលជាបុរសមានបំផុតនៅអាស៊ី ប្រជែងគ្នាដើម្បីគ្រប់គ្រងបណ្ដាញ 5G នៅក្នុងប្រទេសឥណ្ឌា
បុគ្គលជោគជ័យ August 20, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីមានបំផុតនៅអាស៊ីជនជាតិឥណ្ឌា ២រូប បានប្រជែងគ្នាដើម្បីគ្រប់គ្រងបណ្ដាញ 5G នៅក្នុងប្រទេសឥណ្ឌា។ លោក Gautam Adani និង Mukesh Ambani ដែលគេស្គាល់ថា ជាបុរសមានបំផុតនៅអាស៊ីបានចូលរួមការដេញថ្លៃដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា សម្រាប់បណ្ដាញ 5G កាលពីពេលថ្មីៗនេះ នៅលើវិសាលគមសរុប ៧២ gigahertz។

រដ្ឋាភិបាលឥណ្ឌាបានទាក់ទាញការដេញថ្លៃដែលមានតម្លៃប្រហែល ១៩ពាន់លានដុល្លារពីអ្នកដេញថ្លៃបច្ចុប្បន្នចំនួនបី គឺ Reliance-Jio ឬ (R-Jio) របស់លោក លោក Ambani, Vodafone Idea និង Bharti Airtel និងពីអ្នកដេញថ្លៃថ្មីទីបួនគឺ Adani Data Networks។ ចំនួននេះគឺលើសពីការរំពឹងទុក ដោយសារការដេញថ្លៃសរុបបានកើនឡើងច្រើនជាងទ្វេដង ចាប់តាំងពីការដេញថ្លៃចុងក្រោយក្នុងខែមីនា ឆ្នាំ២០២១ នេះបើយោងតាម ​​CRISIL Research។

ជាលទ្ធផល ក្រុមហ៊ុន R-Jio របស់មហាសេដ្ឋី Ambani បានក្លាយជាអ្នកដេញថ្លៃធំបំផុតដោយទិញវិសាលគមដែលមានតម្លៃ ១១ពាន់លានដុល្លារ ខណៈក្រុមហ៊ុនរបស់លោក Adani បានចំណាយត្រឹមតែប្រហែល ២៦លានដុល្លារប៉ុណ្ណោះ ហើយការដេញថ្លៃដែលនៅសល់គឺបានទៅលើ Bharti Airtel និង Vodafone Idea។

គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យប្រើប្រាស់ 5G នៅក្នុងប្រទេសឥណ្ឌា ទំនងជានឹងឈានទៅរកយុគសម័យថ្មីនៃអ៉ីនធឺណិតល្បឿនលឿន ដែលអនុញ្ញាតឱ្យទាញយកវីដេអូក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ និងអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ភ្ជាប់កម្រិតខ្ពស់តាមរយៈបច្ចេកវិទ្យា cloud computing៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ asiatimes.com, tosshub.com, scmp.com