Alexandr Wang ក្រវាត់ចោលឱកាសសិក្សានៅវិទ្យាស្ថានល្បីនៅអាមេរិក ត្រឹមអាយុ ១៩ឆ្នាំ រត់​តាមក្ដីស្រមៃ ឥឡូវក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោក
បុគ្គលជោគជ័យ June 15, 2022 Khmernote

Alexandr Wang ជាស្ថាបនិក Scale AI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ១ មានតម្លៃដល់ទៅ ៧.៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ នេះបើយោងតាមទស្សនាវដ្តី Forbes ។ បច្ចុប្បន្ន Wang បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកនៅអាយុ ២៥ឆ្នាំ បន្ទាប់ពីសម្រេចចិត្តបោះបង់ការសិក្សា មកបង្កើតក្រុមហ៊ុនខាងលើនេះ។

ជាកូនប្រុសដែលមានឪពុកម្ដាយជាអ្នករូបវិទ្យា និងធ្វើការលើគម្រោងអាវុធសម្រាប់យោធាអាមេរិក Wang គឺជាក្មេងដែលពូកែមុខវិទ្យាគណិត និងចូលចិត្តវិស័យបច្ចេកវិទ្យាណាស់ ហើយមុនពេលក្លាយជាមហាសេដ្ឋីក្មេងបំផុតលើលោក នៅអាយុ ១៧ឆ្នាំ Wang បានធ្វើការជាអ្នកសរសេរកូដពេញម៉ោងនៅគេហទំព័រ Quora។ ក្រោយមកបានសម្រេចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកគឺ Massachusetts (MIT) ជំនាញ (machine learning)។

សិក្សាមិនបានប៉ុន្មានផង នៅឆ្នាំ២០១៦ ក្នុងវ័យ ១៩ឆ្នាំ Wang បានសម្រេចបោះបង់ចោលការសិក្សា ងាកមកសម្រេចក្ដីស្រមៃ ដោយបង្កើតក្រុមហ៊ុន Scale AI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco។ នៅពេលនោះគាត់បានប្រាប់ឪពុកម្ដាយថា គាត់គ្រាន់តែធ្វើវាលេងៗ និងក្នុងពេលវិសម្សកាលប៉ុណ្ណោះ តែតាមពិតទៅគឺគាត់មិនត្រលប់ទៅរៀនវិញឡើយ។

ទោះជាយ៉ាងនេះក្ដី Scale AI ដែលបង្កើតទើបតែបាន ៦ឆ្នាំគិតមកទល់ពេលនេះ បានក្លាយជាក្រុមហ៊ុនដ៏ធំមួយ ដែលផ្ដោតទៅលើសេវាកម្មជួយបង្កើតនិងសម្រួលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ជាមួយគ្នានេះ Scale AI បានកិច្ចសន្យាចំនួន 3 រួចហើយដែលមានតម្លៃ ១១០លានដុល្លារដើម្បីជួយកងទ័ពអាកាស និងកងទ័ពរបស់អាមេរិកប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ហើយបើយោងតាមរបាយការណ៍របស់ Forbes បាននិយាយថា ឥឡូវនេះ បន្ទាប់ពីទទួលបានទុនការិនិយោគចំនួន ៣២៥លានដុល្លារកាលពីឆ្នាំមុន តម្លៃរបស់ Scale AI បានឡើងដល់ចំនួន ៧.៣ ពាន់លានដុល្លារ។ នៅក្នុងនោះ ភាគហ៊ុនប៉ាន់ស្មានរបស់ Wang មាន១៥% ដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងក្មេងជាងគេបំផុតក្នុងពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ moneycontrol ,prestigeonline