មហាសេដ្ឋី Warren Buffett បង្ហើបជំនាញ ១ ដែលជួយបង្កើនតម្លៃរបស់អ្នកបាន ៥០% ហើយអាចរកចំណូលបានច្រើនដល់ចាស់សក់ស្កូវ
បុគ្គលជោគជ័យ June 14, 2022 Khmernote

លោក Warren Buffett បិតាវិនិយោគ និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានផ្តល់ឱ្យអ្នកគាំទ្រ និងម្ចាស់ភាគហ៊ុនរបស់គាត់នូវដំបូន្មានវិនិយោគដែលមិនអាចកាត់ថ្លៃបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែនៅក្នុងដំបូន្មានជាច្រើន ដែលបានផ្ដល់នាពេលកន្លងមក ការលើកឡើងរបស់មហាសេដ្ឋី Buffett មួយពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន នោះគឺលោកបាន និយាយថា៖ “មានជំនាញ ១ ដែលនឹងបង្កើនតម្លៃរបស់អ្នកបានដល់ទៅ ៥០%”។

កាលពីឆ្នាំ២០០៩ មហាសេដ្ឋីចាស់វស្សារូបនេះ បាននិយាយទៅកាន់និស្សិតផ្នែកធុរកិច្ចនៅសកលវិទ្យាល័យ Columbia ក្នុងព្រឹត្តិការណ៍មួយតាមទូរទស្សន៍ថា៖ “ជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ នឹងបង្កើនតម្លៃរបស់អ្នកបានដល់ទៅ ៥០%”។ នាពេលនោះ លោក Buffett បានណែនាំឱ្យនិស្សិតរៀនជំនាញខាងលើនេះ ព្រោះជំនាញនេះ មានប្រយោជន៍ច្រើនសម្រាប់អ្នក ហើយវាអាចធ្វើឱ្យអ្នករកចំណូលបានក្រៅពីអាជីព ឬ ការវិនិយោគរបស់អ្នក រហូតដល់អ្នកចាស់ទៅ តាមរយៈការនិយាយចែករំលែកបទពិសោធន៍ល្អៗ។

ជាមួយគ្នានេះដែរ បិតាវិនិយោគ Buffett បានលើកឡើងថា ស្ដាប់ទៅវាអាចនឹងមិនសំខាន់ទេ ប៉ុន្តែវាប្រហែលជាអ្វីដែលអ្នកត្រូវការនៅពេលនេះ។ ហើយនេះជាករណីមួយក្នុងចំណោមករណីជាច្រើនដែល Buffett បានណែនាំយើងឱ្យលើកជំនាញទំនាក់ទំនងរបស់យើងជាគន្លឹះនៃភាពជោគជ័យ។ ច្បាស់ណាស់ វាបានធ្វើការឱ្យ Buffett ខណៈដែលតម្លៃរបស់គាត់បានកើនឡើងដល់ជិត ១១៨ ពាន់លានដុល្លារនៅពេលបច្ចុប្បន្ននេះ។

ក្រៅពីអត្ថប្រយោជន៍ដែលលោក Buffett បានលើកឡើង ជំនាញការនិយាយជាសាធារៈ មានប្រយោជន៍ច្រើនទៀតដែលយើងគ្រប់គ្នាគួររៀន និងមានជំនាញនេះក្នុងខ្លួនក្នុងនោះរួមមាន៖
– ការលើកកម្ពស់កាន់តែលឿនទៅតួនាទីអ្នកគ្រប់គ្រងជាន់ខ្ពស់
– បង្កើនទំនុកចិត្ត និងការគោរពខ្លួនឯង
– ការអញ្ជើញដែលរកប្រាក់បានកាន់តែច្រើន
– ឱកាសការងារកាន់តែប្រសើរ
– ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ
– ទាក់ទាញមនុស្សកាន់តែច្រើនមកបណ្តាញរបស់អ្នក។
– ផ្ដល់ឱកាសថ្មីៗ។
– ឥទ្ធិពលកើនឡើងជាមួយមិត្តភក្ដិរបស់អ្នក។
– ជំនាញចរចាកាន់តែប្រសើរ៕

អត្ថបទ៖ លីនី
ប្រភព៖ inc