ល្អមែនទែន! មិត្តជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៣លានដុល្លារ ជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
បុគ្គលជោគជ័យ June 13, 2022 Khmernote

យោងតាមការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២។

(រូបតំណាង)

សូមបញ្ជាក់ផងដែរថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី