Paris Hilton អាចជំនះគ្រប់រឿងរ៉ាវឈរជើងមកទល់សព្វថ្ងៃ ព្រោះនាងតែងប្រាប់ខ្លួនឯងតាំងពីតូចថា៖ “កុំទុកចិត្តមនុស្សមួយចំនួន ហើយត្រូវជឿជាក់លើខ្លួនឯងជានិច្ច”
បុគ្គលជោគជ័យ June 7, 2022 Khmernote

ក្នុងវ័យជំទង់ Paris Hilton ដែលកាលនោះជាអ្នកស្នងមរតករបស់សណ្ឋាគារ និងជាតារាដ៏ល្បីល្បាញម្នាក់ តែងតែជាចំណីរបស់អ្នកកាសែត។ ប៉ុន្តែបន្ទាប់ពីបោះជំហានថយក្រោយពីវិស័យខាងលើមក បច្ចុប្បន្ននេះនាងបានចាប់អាជីពថ្មីជា ឌីជេ និងអ្នកជំនួញអាជីព ជាពិសេស ការវិនិយោគទាក់ទងទៅនឹង blockchain ដូចជា cryptocurrencies, non-fungible tokens (NFTs) និង metaverse។

នៅក្នុងភាពជោគជ័យ និងវ័យ ៤០ឆ្នាំនាបច្ចុប្បន្ននេះ Hilton បានលើកឡើងពីដំបូន្មានសាមញ្ញៗ ប៉ុន្តែច្បាស់លាស់មួយសម្រាប់ខ្លួននាងផ្ទាល់នោះកាលពីនៅក្មេងថា “កុំទុកចិត្តមនុស្សមួយចំនួន ហើយត្រូវជឿជាក់លើខ្លួនឯងជានិច្ច”។ អ្នកជំនួញស្រីរូបស្រស់នេះ បានប្រាប់ទៅ CNBC Make It ថា ជីវិតនាងជួបការលំបាកជាច្រើនរាប់មិនអស់ តាំងពីក្មេងមក ទោះបីជានាងកើតមកក្នុងវង្សត្រកូលជាអ្នកមានក៏ដោយ។

ជាក់ស្ដែងនាងត្រូវបានរងការធ្វើបាប រំលោភបំពានឥតឈប់ឈរនៅសាលារៀន ដែលឱ្យប៉ះពាល់ដល់ជីវិតរបស់នាងតាំងពីពេលនោះមក តែនាងមិនដែលចុះចាញ់ទេ ហើយតែងតែជំនះតស៊ូជានិច្ច។ មិនតែប៉ុណ្ណោះ ដើម្បីចង់ឱ្យខ្លួនឯងរឹងមាំ និងជោគជ័យ កម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាបំផុតនោះ គឺការកសាងកេរ្តិ៍ឈ្មោះដោយខ្លួនឯង មិនមែនក្នុងនាមជា​កូនស្រី​ម្ចាស់​សណ្ឋាគារ Hilton ដ៏ល្បីល្បាញឡើយ។ យ៉ាងណាមិញ បច្ចុប្បន្ន Paris Hilton មានជំនាញ និងជំនួញជាច្រើនក្នុងដៃ​ ជាមួយទ្រព្យសម្បត្តិ ៣៤០លានដុល្លារ គិតត្រឹមខែឧសភា ឆ្នាំ២០២២ នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc