មហាសេដ្ឋី Mark Zuckerberg ត្រូវបាត់បង់បុគ្គលិកដៃស្ដាំ ហើយក៏ជាបុគ្គលិកស្រីឆ្នើម និងជួយរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត។ លោកស្រី Sheryl Sandberg កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook ក្រោយធ្វើការជាមួយក្រុមហ៊ុននេះអស់ប្រមាណ ១៤ឆ្នាំ។
នាយកប្រតិបត្តិវ័យ ៥២ឆ្នាំរូបនេះ បានធ្វើការជាមួយក្រុមហ៊ុន Facebook តាំងពីឆ្នាំ២០០៨ ហើយគាត់បានមើលការខុសត្រូវលើការងាររបស់ខ្លួន និងជួយក្រុមហ៊ុនជាច្រើនរាប់ចាប់ពី ការបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង (IPO) ក្នុងឆ្នាំ២០១២ រហូតឡើងដល់តម្លៃ ១ទ្រីលានដុល្លារកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ពេលកំពុងបម្រើការជាស្ត្រីដៃស្តាំរបស់ Mark Zuckerberg លោកស្រី Sandberg បានជួយប្រែក្លាយ Facebook ឱ្យទៅជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងវិស័យបច្ចេកវិទ្យា។ រហូតមកដល់ពេលថ្មីៗនេះ Facebook មានតម្លៃជាង ១ទ្រីលានដុល្លារ បើទោះបីជាការវាយតម្លៃនេះត្រូវបានកាត់បន្ថយជិតពាក់កណ្តាល ចំពេលមានកំណើនប្រាក់ចំណូលយឺត និងការបាត់បង់អ្នកប្រើប្រាស់លើកដំបូងរបស់ខ្លួនក៏ដោយ។
មិនតែប៉ុណ្ណោះនាងបាននៅខាងលោក Zuckerberg សម្រាប់ការទិញយក Instagram និង WhatsApp ដ៏ល្បីរបស់ Facebook ដែលបានជួយឱ្យវាពង្រឹងជំហររបស់ខ្លួនជាបណ្តាញសង្គមដ៏លេចធ្លោរបស់ពិភពលោក និងបានជួយបង្វែរអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅជាអ្នកបង្កើតប្រាក់ចំណូលច្រើនជាង ២៥ពាន់លានដុល្លារក្នុងមួយត្រីមាស។ យ៉ាងណាមិញ នៅពេលលោកស្រីចាកចេញពី Meta ស្ថានីយទូរទស្សន៍ CNBC រាយការណ៍ថា ក្រុមហ៊ុនប្រឈមមុខនឹងបណ្តឹងប្រឆាំងនឹងការទុកចិត្តពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ក៏ដូចជាការត្រួតពិនិត្យសក្តានុពលពីគណៈកម្មការមូលបត្រលើពាក្យបណ្តឹងអ្នកផ្តល់ព័ត៌មាន អំពីការដោះស្រាយខ្លឹមសារស្អប់ខ្ពើមនៅលើវេទិការបស់ខ្លួន។
ទន្ទឹមនឹងនេះ នៅក្នុងការប្រកាសពីការចាកចេញរបស់ Sandberg លោក Zuckerberg បាននិយាយថា គាត់មិនមានគម្រោងជំនួសតួនាទីរបស់ Sandberg នៅក្នុងរចនាសម្ព័ន្ធសាជីវកម្មដែលមានស្រាប់របស់ក្រុមហ៊ុននោះទេ ហើយគាត់ក៏មិនដឹងថាតើការធ្វើបែបនេះនឹងអាច “អាចទៅរួច” ឬ ក៏អត់ឡើយ៕


អត្ថបទ៖ លីនី
ប្រភព៖ cnbc


