Tadashi Yanai ស្ថាបនិក និងជាប្រធានហាងលក់រាយសម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Uniqlo បានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតក្នុងប្រទេសជប៉ុន បើទោះបីជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានបំផ្លាញទ្រព្យសម្បត្តិរបស់គាត់យ៉ាងខ្លាំងក៏ដោយ នេះបើយោងតាមបញ្ជីអ្នកមានបំផុតទាំង ៥០អាស៊ី របស់ទស្សនាវដ្ដី Forbes Asia។
លោក Tadashi បានឃើញពីទ្រព្យរបស់គាត់ធ្លាក់ចុះ ៤៤% មកនៅត្រឹម ២៣.៦ ពាន់លានដុល្លារ ដែលរងការវាយប្រហារដោយការធ្លាក់ចុះនៃការលក់នៅក្នុងទីផ្សារក្នុងស្រុក និងប្រទេសចិន។ ក្រឡេកមកមើលប្រវត្តិរបស់គាត់វិញ មុនពេលក្លាយជាមហាសេដ្ឋីលំដាប់ទី១ របស់ជប៉ុន លោក Tadashi Yanai ដែលកើតនៅឆ្នាំ១៩៤៩ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយទេ តែដោយសារចំណង់ចំណូលចិត្តក្នុងការរកស៊ី លោកក៏បានចូលធ្វើការជាអ្នកលក់សម្លៀកបំពាក់បុរស និងសម្ភារៈផ្ទះបាយនៅផ្សារទំនើប Jusco បន្ទាប់ពីបញ្ចប់ការសិក្សា។
ជាមួយគ្នា ក្រោយពីចំណាយពេលមួយឆ្នាំនៅ Jusco គាត់ក៏បានលាឈប់ពីការងារ ហើយបានចូលរួមអាជីវកម្មកាត់ដេររបស់ឪពុកគាត់ដែលគេស្គាល់ ហើយដាក់ឈ្មោះវាថា Ogori Shoji។ ក្រោយមក Yanai បានផ្លាស់ទៅបើកហាង Uniqlo ដំបូងរបស់គាត់នៅឆ្នាំ១៩៨៤ នៅហ៊ីរ៉ូស៊ីម៉ា។ ដោយសារចំណង់ចំណូលចិត្ត និងការខំប្រឹងរបស់គាត់ បានធ្វើឱ្យគាត់មានភាពងាយស្រួលក្នុងការទទួលយកដំបូន្មានល្អៗ។
ដូច្នេះក្នុងរយៈពេលដប់ឆ្នាំ ហាងតូចមួយនៅជាយក្រុង បានបើកហាងរាប់សិបផ្សេងទៀត ហើយបានបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូង (IPO) ក្នុងឆ្នាំ១៩៩៤។ បច្ចុប្បន្ន Fast Retailing មានហាងជាង២០០០ ហើយបានក្លាយជាក្រុមហ៊ុនសំលៀកបំពាក់ធំជាងគេទីបួននៅក្នុងប្រទេស។ ក្រុមហ៊ុននេះរួមបញ្ចូលទាំងម៉ាកយីហោមួយចំនួននៅក្រោមការគ្រប់គ្រងរបស់ខ្លួនរួមមាន៖ Uniqlo, Helmut Lang, and theory, Comptoir des Cotonniers, Princesse Tam.Tam, J Brand និង g.u.៕




អត្ថបទ៖ លីនី
ប្រភព៖ bangkokpost, successstory


