មន្ទីរពាណិជ្ជកម្មខេត្ត លើកទឹកចិត្តឱ្យកសិករកែប្រែទម្លាប់ចាស់ ដើម្បីនាំស្វាយចេញទៅលក់នៅក្រៅប្រទេសបានតម្លៃខ្ពស់
បុគ្គលជោគជ័យ May 31, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងលើកទឹកចិត្តឱ្យកសិករទាំងអស់នៅក្នុងខេត្ត គួរកែប្រែទម្លាប់ចាស់ ដោយងាកមកធ្វើវិធីទំនើប ដែលមានមន្ទីរពាណិជ្ជកម្មជួយបណ្តុះបណ្តាលនិងណែនាំ ធ្វើយ៉ាងណាឱ្យស្វាយមានគុណភាពល្អ ដើម្បីងាយស្រួលក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសបានតម្លៃខ្ពស់ ខណៈកសិករត្អូញត្អែរអំពីតម្លៃស្វាយធ្លាក់ចុះយ៉ាងខ្លាំង។

លោក ហ៊ីន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង មានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិនាថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ ថា សម្រាប់ការនាំចេញទៅប្រទេសក្រៅ គេចង់បានស្វាយពីកម្ពុជាណាស់។ លោកថា តម្រូវការរបស់ កូរ៉េ ចិន ជប៉ុន ប្រទេសផ្សេងៗទៀតចង់បានផលិតផលខ្មែរ ព្រោះមិនសូវមានជាតិគីមី។ ជាធម្មតាស្វាយ កសិករប្រើគីមីតិចបំផុត កន្លែងខ្លះមិនប្រើទាំងជីផង ដោយសារតែពួក គាត់មិនបាញ់ថ្នាំសម្លាប់សត្វល្អិត ទើបមិនមានដង្កូវពេលជិតទុំ។

លោកបានថ្លែងឱ្យដឹងបន្តទៀតថា ៖«ដើម្បីឱ្យកសិផលស្វាយមានតម្លៃល្អ យើងគួរតែទៅខាងមន្ទីរពាណិជ្ជកម្ម ដើម្បីឱ្យគេផ្តល់បច្ចេកទេសឬ ក៏ចុះបញ្ជីការពាណិជ្ជកម្មហើយដើម្បីអនុវត្តកសិកម្មល្អនិងស្វាយកុំឱ្យមានមេរោគ»។ លោកបានបន្តទៀតថា កសិករទាំងអស់គួរតែកែប្រែទម្លាប់ចាស់ មកធ្វើវិធីដែលទំនើបៗដែលមានមន្ទីរពាណិជ្ជកម្មជួយបណ្តុះបណ្តាលនិងណែនាំ ដែលធ្វើឱ្យមានគុណភាពល្អ ការវេចខ្ចប់ល្អ ទើបនាំចេញមានតម្លៃល្អ។

ទីផ្សារកសិផលនៅក្នុងខេត្តបាត់ដំបងមានការប្រែប្រួលតម្លៃចុះថោក ធ្វើឱ្យកសិករពិបាកលក់ចេញ ជាពិសេសក្នុងរដូវប្រមូលផលស្វាយ។
កសិករម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា ឆ្នាំនេះស្វាយពិបាកលក់ មិនដូចឆ្នាំមុនទេ។ តម្លៃកាន់ តែចុះ ហើយខាងថៃទទួលទិញតិច ដែលក្នុងមួយថ្ងៃគេយកតែ១៥តោន ដូច្នេះហើយគាត់មិនហ៊ានប្រមូលទិញស្វាយច្រើនទេខ្លាចទុំស្អុយខូច។

កសិករដដែលបានលើកឡើងថា ចំពោះការទិញស្វាយ ទិញតែពីអ្នកភូមិទេ ប្រភេទស្វាយស្អាត តម្លៃ១៧០ទៅ ២០០ រៀល។ បើស្វាយអត់ស្អាតបានតែ១៥០រៀល ហើយនៅពេលយកទៅលក់ចេញខាងថៃស្វាយស្អាត១គីឡូបាន ពី២៥០ បាត បើតូចៗបានតែ ១បាតទេ មិនដូចឆ្នាំមុនទេបាន ២០០ ទៅ៣០០។

ឆ្លើយតបការលើកឡើងនេះលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ ដែរថា នៅក្នុងការលក់ដូរកសិផលស្វាយបើមិនមានការប្រមូលបានត្រឹមត្រូវទេ នឹងធ្វើឱ្យស្វាយខូចស្អុយ។ ប្រជាកសិករគួរតែដឹងនៅពីរបៀបបេះស្វាយឱ្យបានត្រឹមត្រូវ។

លោកបានបន្ថែមឱ្យដឹងទៀតថា ៖«ប្រជាកសិករត្រូវដឹងគុណភាព គុណតម្លៃ កាលណាគេលក់ចេញទើបគេឱ្យតម្លៃយើងខ្ពស់។ ប្រជាកសិករគួរតែអនុវត្តវិធីទំនើបទាំងអស់គ្នាទើប តម្លៃរបស់យើងមានគុណភាព គុណតម្លៃ និងទីផ្សារដើររលូន»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ មេសា ឆ្នាំ ២០២២ ថា ដើមឆ្នាំ២០២២នេះ បរិមាណនាំចេញកសិផលស្រស់ មានដូចជាចេកស្រស់ និងស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានដដែលក្រសួងកសិកម្ម ក៏បានបញ្ចេញតួលេខកំណើននៃការនាំចេញកសិផលរបស់កម្ពុជា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២២នេះ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលចំនួន ៤ ០៤០ ៧០៣,៦៩តោន ដែលចំនួននេះកើនឡើងជាង ២១ម៉ឺនតោន ស្មើនឹង៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ៣,៨ លានតោន៕

ប្រភព៖ ក្រសួងព័ត៌មាន