មហាសេដ្ឋីអ៊ុយក្រែន គ្រោងនឹងប្ដឹងប្រទេសរុស្ស៊ីជុំវិញការខាតបង់ដ៏ធំមួយ
បុគ្គលជោគជ័យ May 27, 2022 Khmernote

មហាសេដ្ឋីអ៊ុយក្រែន ​លោក Rinat Akhmetov គ្រោងប្ដឹងប្រទេសរុស្ស៊ីជុំវិញការខាតបង់ចំនួន ១៧ ទៅ ២០ពាន់លានដុល្លារ ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែកលើរោងចក្រដែកដែលមហាសេដ្ឋីរូបនេះកាន់កាប់នៅទីក្រុង Mariupol។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។

តាមប្រភពដដែល រោងចក្រផលិតដែក Azovstal បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងរបស់រុស្ស៊ី បន្ទាប់ពីរោងចក្រដ៏ធំនេះ បានក្លាយជាបន្ទាយការពារចុងក្រោយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង។ ជាមួយគ្នានេះដែរ រោងចក្រ Illich Steel និង Iron Works ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីខាងលើ ក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ អំឡុងពេលការបាញ់ផ្លោងរបស់រុស្ស៊ីលើ Mariupol ។

លោក Akhmetov ដែលជាម្ចាស់ក្រុមហ៊ុនដែកដ៏ធំបំផុតរបស់អ៊ុយក្រែន Metinvest បានប្រាប់គេហទំព័រព័ត៌មានអ៊ុយក្រែន mrpl.city ក្នុងបទសម្ភាសន៍មួយថា “យើងពិតជានឹងប្តឹងរុស្ស៊ី និងទាមទារសំណងសមរម្យសម្រាប់ការខាតបង់ និងការបាត់បង់អាជីវកម្មទាំងអស់” ។ យ៉ាងណាមិញ នៅពេលសួរថាតើក្រុមហ៊ុន Metinvest បានបាត់បង់ប្រាក់ប៉ុន្មានដោយសារតែការខូចខាតនៅរោងចក្រ Azovstal និង Illich លោក Akhmetov បាននិយាយថា “ការចំណាយជំនួស ដោយសារតែការឈ្លានពានរបស់រុស្ស៊ីគឺពី ១៧ទៅ ២០ពាន់លានដុល្លារ ហើយចំនួនទឹកប្រាក់ចុងក្រោយនឹងត្រូវបានកំណត់នៅក្នុងពាក្យបណ្តឹងប្រឆាំងនឹងប្រទេសរុស្ស៊ី “៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia