ត្រឹមពេលតែមួយយប់អ្នកជីករករ៉ែជនជាតិតង់ហ្សានី ម្នាក់បានក្លាយជាមហាសេដ្ឋីប្រាក់លាន ដោយសារលក់ត្បូងថ្មឈ្មោះថា Tanzanite ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសតង់ហ្សានី ក្នុងតម្លៃ ៣.៤ លានដុល្លារ នេះបើយោងតាមរបាយការណ៍ការប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
បើតាម BBC បានរាយការណ៍ថា ត្បូងថ្មទាំងពីរនោះ មួយមានទម្ងន់ ៩.២គីឡូក្រាម និងមួយទៀតទម្ងន់ ៥.៨គីឡូក្រាម ដោយបានជីកយកមកកាលពីសប្តាហ៍មុន ហើយបានលក់វាកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍ពាណិជ្ជកម្មមួយក្នុងតំបន់ Manyara ។ លោក Laizer ដែលត្រូវបានគេរាយការណ៍ថាជាឪពុកដែលមានកូនជាង ៣០នាក់បានប្រាប់ BBC ថា គាត់គ្រោងនឹងប្រើប្រាស់ប្រាក់នេះ ដើម្បីសាងសង់ផ្សារទំនើប និងសាលារៀននៅក្នុងសហគមន៍របស់គាត់នៅ Simanjiro ស្រុក Manyara។
អ្នកជីករ៉ែខ្នាតតូចរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំចង់សាងសង់សាលារៀននៅជិតផ្ទះរបស់ខ្ញុំ។ មានអ្នកក្រជាច្រើននៅជុំវិញទីនេះ ដែលមិនមានលទ្ធភាពយកកូនទៅសាលា”។ គាត់បានបន្ថែមថា៖ “ខ្ញុំមិនមានការអប់រំទេ ប៉ុន្តែខ្ញុំចូលចិត្តអ្វីៗដែលដំណើរការក្នុងលក្ខណៈវិជ្ជាជីវៈ ដូច្នេះខ្ញុំចង់ឲ្យកូនៗរបស់ខ្ញុំបើកអាជីវកម្មប្រកបដោយវិជ្ជាជីវៈ”។ យ៉ាងណាមិញ ថ្វីបើមានទ្រព្យសម្បត្តិដល់ទៅរាប់លានដុល្លារក្នុងដៃក៏ដោយ លោក Laizer បាននិយាយថា គាត់នឹងបន្តមើលហ្វូងគោរបស់គាត់ចំនួន ២,០០០ក្បាលដដែល មិនដេកចាយទ្រព្យថ្មីនេះឡើយ៕




អត្ថបទ៖ លីនី
ប្រភព៖ cnbc


