យីអ៊ុនដាក់ណាស់! ត្រឹមពេលតែមួយថ្ងៃ មហាសេដ្ឋី Elon Musk របូតទ្រព្យ ១០ពាន់លានដុល្លារបន្ថែមទៀត
បុគ្គលជោគជ័យ May 23, 2022 Khmernote

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla​ លោក Elon Musk បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ១០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប្ដឹងតវ៉ាលើរូបគាត់ទាក់ទងនឹងបទល្មើសផ្លូវភេទ។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg លោក Elon Musk មានទ្រព្យសម្បត្តិប្រមាណ ២១២ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍។

ប៉ុន្តែចំនួននេះ ត្រូវធ្លាក់ចុះមកត្រឹម ២០១ពាន់លានដុល្លារ បន្ទាប់ពីព័ត៌មាននៃការចោទប្រកាន់នេះ បានបែកធ្លាយកាលពីយប់ថ្ងៃព្រហស្បតិ៍ដដែលនោះ។ យោងតាមរបាយការណ៍របស់ Insider បានឱ្យដឹងថា SpaceX ដែលជាក្រុមហ៊ុនអាកាសចរណ៍បង្កើតឡើងដោយ Musk បានចំណាយប្រាក់ ២៥០,០០០ ដុល្លារទៅអ្នកបម្រើលើយន្តហោះ ដើម្បីដោះស្រាយការប្ដឹងទាក់ទងនឹងរឿងផ្លូវភេទរបស់ Musk ក្នុងឆ្នាំ ២០១៨ ប៉ុន្តែ Musk បានបដិសេធការទាមទារនេះ។

គួរបញ្ជាក់ផងដែរថា មហាសេដ្ឋី Elon Musk មួយរយៈក្រោយនេះ ហាក់ដូចជាយីអ៊ុនដាក់ខ្លាំង ដោយត្រូវបាត់បង់ទ្រព្យសម្បត្តិជាហូរហែ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់គាត់ក៏ជួបបញ្ហាផ្អាកការផ្គត់ផ្គង់និងភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុកផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider