ស្បែកជើងតម្លៃក្រោម ១០ដុល្លារ ប្រែក្លាយវាសនាលោក Hari Krishan Agarwal ទៅជាមហាសេដ្ឋីជំនាន់ថ្មីរបស់ឥណ្ឌា
បុគ្គលជោគជ័យ May 18, 2022 Khmernote

លោក Hari Krishan Agarwal គឺជាស្ថាបនិកនៃក្រុមហ៊ុនផលិតស្បែកជើង Campus Activewear ដែលមានមូលដ្ឋាននៅទីក្រុង Delhi ហើយថ្មីៗនេះគាត់បានក្លាយជាមហាសេដ្ឋីជំនាន់ថ្មីបំផុតរបស់ឥណ្ឌា។ ការបោះជំហានចូលក្នុងក្លឹបមហាសេដ្ឋីឥណ្ឌា ដ៏លឿនបែបនេះ គឺបន្ទាប់ពី IPO នៃក្រុមហ៊ុន Campus Activewear បានក្ដោបក្ដាប់ទីផ្សារស្បែកជើងកីឡាធំជាងម៉ាក់ Nike និង Adidas នៅក្នុងប្រទេសឥណ្ឌា។

ស្ថាបនិកវ័យ ៦៦ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីវកម្មនៅឆ្នាំ១៩៨៣ នៅពេលនោះគាត់បានបង្កើតម៉ាកស្បែកជើងកីឡាឈ្មោះថា “Action”។ ក្រោយមកនៅឆ្នាំ២០០៥ គាត់បានដាក់លក់ស្បែកជើងកីឡា ១ប្រភេទទៀតឈ្មោះថា “Campus” ក្នុងតម្លៃក្រោម ១០ដុល្លារ។ ដោយសារតម្លៃសមរម្យនេះ បានធ្វើឱ្យម៉ាក “Campus” អាចបោះជំហានប្រកួតប្រជែងជាមួយម៉ាកល្បីៗទូទាំងពិភពលោកដូចជា Nike , Adidas និង Puma ដែលលក់ស្បែកជើងកីឡាតម្លៃចាប់ពី ៣៥ដុល្លារឡើងទៅ។

យោងតាមប្រធានផ្នែកហិរញ្ញវត្ថុរបស់ Campus លោក Raman Chawla មានប្រសាសន៍ថា “លោក Agarwal បានបង្កើនទំហំទីផ្សារដ៏ធំនៅក្នុងទីផ្សារស្បែកជើងកីឡារបស់ឥណ្ឌាជាមួយតម្លៃចាប់ពី ១០ដុល្លារ ទៅ ៤០ដុល្លារ។ ជាក់ស្ដែងរបាយការណ៍ក្នុងខែមេសា ឆ្នាំ២០២២ ដោយក្រុមហ៊ុនប្រឹក្សា Gurgaon Technopak កត់សម្គាល់ថា នៅក្នុងសារពើពន្ធឆ្នាំ២០២១ Campus គឺជាម៉ាកដ៏ធំបំផុតរបស់ប្រទេសឥណ្ឌានៅក្នុងផ្នែកកីឡា ដោយ Campus លក់បាន១៣លានគូក្នុងឆ្នាំ២០២១ កើនឡើង ៩៤ លានដុល្លារក្នុងប្រាក់ចំណូល។

គួរឱ្យដឹងថា ក្រៅពីមហាសេដ្ឋី Hari Krishan Agarwal ឧស្សាហកម្មស្បែកជើងឥណ្ឌាដែលមានតម្លៃ ៩ ពាន់លានដុល្លារបានបង្កើតមហាសេដ្ឋីថ្មីចំនួនបីនាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងនោះរួមមានបងប្អូនប្រុសដែលមានមូលដ្ឋាននៅទីក្រុងដេលីគឺលោក Mukand Lal Dua និង Ramesh Kumar Dua ដែលគ្រប់គ្រងស្បែកជើង Relaxo Footwear ដែលមានតម្លៃ ៣៥០លានដុល្លារ និងលោក Rafique Malik ដែលអាចរកចំណូលបាន ១០៧ លានដុល្លាររបស់គាត់ ពីម៉ាក Metro Brands ដែលមានមូលដ្ឋាននៅទីក្រុងបុមបៃកាលពីខែធ្នូឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ forbes