ដូចដែលយើងបានដឹងមកហើយ កាលពីខែមុន មហាសេដ្ឋី Elon Musk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ហើយកិច្ចព្រមព្រៀងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ ប៉ុន្តែ នាពេលថ្មីៗនេះ លោកបាននិយាយថា ផែនការទិញ Twitter នឹងត្រូវដាក់ផ្អាកជាបណ្ដោះអាសន្ន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បាននិយាយថា គាត់កំពុងកំពុងដាក់ផែនការទិញ Twitter “ផ្អាកជាបណ្តោះអាសន្ន” ខណៈពេលដែលគាត់កំពុងរង់ចាំព័ត៌មានលម្អិតអំពីចំនួនគណនីក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។
នៅក្នុង tweet កាលពីថ្ងៃសុក្រ លោក Musk និយាយថា Twitter ប៉ាន់ស្មានថា spam និងគណនីក្លែងក្លាយមានតិចជាង ៥ភាគរយនៃអ្នកប្រើប្រាស់ទាំងអស់។ គាត់នឹងផ្អាកកិច្ចព្រមព្រៀងរហូតដល់គាត់ទទួលបានព័ត៌មានលម្អិតដែលត្រូវនឹងការគណនានេះ។ ទោះជាយ៉ាងណាក្ដី លោកបានបន្ថែមថា លោកនៅតែប្តេជ្ញាចិត្តចំពោះការទិញយកនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ nhk