មហាសេដ្ឋី Warren Buffett សម្រេចចិត្តវិនិយោគនៅ Apple ក្រោយឃើញមិត្តរបស់គាត់ពិបាកចិត្តពេលបាត់ទូរស័ព្ទ iPhone
បុគ្គលជោគជ័យ May 13, 2022 Khmernote

មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ លោក ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយជាវិនិយោគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។

ហើយថ្មីៗនេះ សៀវភៅមួយបានបង្ហាញពីមូលហេតុដែលបិតាវិនិយោគមួយនេះ សម្រេចបណ្ដាក់ទុននៅ Apple ដែលជាក្រុមហ៊ុនតម្លៃទ្រីលានដុល្លារនៅលើពិភពលោកនាពេលបច្ចុប្បន្ន ទាំងដែលលោក Warren មិនចាប់អារម្មណ៍លើការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ។

តាមសៀវភៅ លោក Warren បានសម្រេចវិនិយោគលើ Apple បន្ទាប់ពីគាត់បានដឹងថាមិត្តរបស់គាត់ឈ្មោះថា David Gottesman ពិបាកចិត្តយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទ iPhone នៅពេលជិះតាក់ស៊ី ក្នុងអំឡុងឆ្នាំ២០១៦។ ពេលនោះ David បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចបាត់បង់ព្រលឹងរបស់ខ្ញុំអញ្ចឹង!”។

ពេលនោះហើយ ទើបលោក Warren បានងាកចិត្តចង់វិនិយោគលើ Apple ព្រោះគាត់បានកត់សម្គាល់ពីរបៀបដែលមនុស្សឈ្លក់វង្វេងជាមួយនឹងស្មាតហ្វូនរបស់ពួកគេ រួមទាំងចៅៗរបស់គាត់ ក្នុងអំឡុងពេលធ្វើដំណើរប្រចាំសប្តាហ៍របស់ពួកគេទៅកាន់ហាង Dairy Queen ។ លោក​បាន​កំណត់​ថា iPhone ជា​របស់​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ជា​ច្រើន ហើយ​នឹង​នៅ​បែបនេះ​ក្នុង​រយៈ​ពេល​យូរទៀត។ លើសពីនេះគាត់បានចាត់ចំណាត់ថ្នាក់ Apple ក្នុងចំណោមអាជីវកម្មល្អបំផុតដែលគាត់ស្គាល់។ គាត់បានសរសើរក្រុមហ៊ុនថាជា “ក្រុមហ៊ុនយក្សទាំងបួន” របស់ Berkshire នៅក្នុងលិខិតប្រចាំឆ្នាំចុងក្រោយបង្អស់របស់គាត់ រួមជាមួយនឹងអាជីវកម្មធានារ៉ាប់រងរបស់ខ្លួន BNSF Railway និង Berkshire Hathaway Energy៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo