មហាសេដ្ឋី Elon Musk និយាយថា លោកនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក Donald Trump ប្រើ Twitter វិញបាន
បុគ្គលជោគជ័យ May 11, 2022 Khmernote

មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ថា លោកនឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតីអាមេរិក Donald Trump នៅពេលគាត់ទិញប្រព័ន្ធផ្សព្វផ្សាយសង្គមនេះរួចរាល់។ នេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយនៃចេតនារបស់ Musk ក្នុងការកាត់បន្ថយការសម្របសម្រួលនៃគេហទំព័រដ៏ល្បីល្បាញមួយនេះ។

Musk បាននិយាយទៅកាន់សន្និសីទ Financial Times ថា គាត់និងសហស្ថាបនិក Twitter លោក Jack Dorsey ជឿថាការហាមប្រាមជាអចិន្ត្រៃយ៍គួរតែជាករណី “កម្រ” ហើយត្រូវបានបម្រុងទុកសម្រាប់តែគណនីដែលដំណើរការ bots ឬផ្សព្វផ្សាយសារឥតបានការ។ ជាមួយគ្នានេះ លោកបានបន្ថែមថា “ខុស ឬ អាក្រក់” tweets គួរតែត្រូវបានលុប ឬធ្វើឱ្យមើលមិនឃើញ ហើយការផ្អាកគណនីបណ្តោះអាសន្នគឺល្អជាងការហាមឃាត់ជារៀងរហូត។

ទោះជាយ៉ាងនេះក្ដី លោក Donald Trump បានប្រាប់ Fox News ថា គាត់នឹងមិនត្រលប់ទៅប្រើ Twitter វិញទេ ប្រសិនបើត្រូវបានអនុញ្ញាតពិតមែន ខណៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់គឺ Truth Social បានបើកដំណើរការនៅលើកម្មវិធី Apple កាលពីចុងខែកុម្ភៈ។

គួរបញ្ជាក់ផងដែរថា ការផ្អាកគណនីរបស់លោក Trump ដែលមានអ្នកតាមដានជាង ៨៨លាននាក់ ត្រូវបានបិទថ្ងៃមុនការបញ្ចប់អាណត្តិរបស់គាត់។ Trump ត្រូវបានផ្អាកជាអចិន្ត្រៃយ៍ពី Twitter ភ្លាមៗបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមាន Capitol របស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia