សំណាងមើលមិនឃើញមែន ប្ដីប្រពន្ធមួយគូ ទិញឡានគេបោះបង់ចោលតម្លៃ ១០០ដុល្លារ តែ​ត្រូវមហាសេដ្ឋី Elon Musk សុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ
បុគ្គលជោគជ័យ May 10, 2022 Khmernote

ជារឿងដ៏មិនគួរឱ្យជឿមួយ ដោយប្ដីប្រពន្ធមួយគូបានចំណាយប្រាក់ ១០០ដុល្លារ ទិញឡានដែលគេបោះបង់ចោល តែក្រោយមកត្រូវបានមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc។

ក្រឡេកទៅមើលរឿងរ៉ាវលម្អិត គឺនៅឆ្នាំ១៩៨៩ ប្ដីប្រពន្ធមួយគូមកពីកោះឡុង ទីក្រុងញូវយ៉ក បានចំណាយប្រាក់ប្រហែល ១០០ដុល្លារ ដើម្បីដេញថ្លៃទិញប្រអប់អាថ៌កំបាំងមួយនៅឃ្លាំងទំនិញមួយកន្លែង។ ការដេញថ្លៃនេះ គឺទាំងអ្នកទិញ និងអ្នកលក់មិនបានដឹងថាក្នុងប្រអប់នោះមានអ្វីឡើយ ហើយនៅពេលដេញថ្លៃបាន ប្ដីប្រពន្ធទាំងពីរបានបើកប្រអប់នោះមើល អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើលក្នុងនោះគឺជារថយន្តស្ព័រ Lotus Esprit ឆ្នាំ១៩៧៦ ដែលប្រើក្នុងការថតរឿង James Bond ឆ្នាំ១៩៧៧ ចំណងជើងថា “The Spy Who Loved Me” នៅក្នុងខ្សែភាពយន្តនេះ រថយន្តស្ព័រដ៏ល្បីល្បាញបានប្រែក្លាយទៅជានាវាមុជទឹក និងបាញ់មីស៊ីលពេលនៅក្រោមទឹក។

ទោះជាយ៉ាងណាក្ដី ប្ដីប្រពន្ធដែលមានរបរជាអ្នកជួលសម្ភារៈសំណង់មិនបានស្គាល់រថយន្តនេះឡើយ ហើយក៏មិនធ្លាប់បានមើលរឿងដ៏ល្បីល្បាញនោះដែរ អ្វីដែលកាន់តែនឹកស្មានមិនដល់ពួកគេរឹតតែមិនដឹងថារថយន្ត​នេះ មានតម្លៃប៉ុណ្ណានោះទេ។ ជាក់ស្ដែងនៅពេលទទួលបានរថយន្ត បុរសជាប្ដីចង់ជួសជុលដំបូល និងកែលម្អផ្នែកផ្សេងៗទៀត ប៉ុន្តែនៅពេលដឹកឡាននេះទៅផ្ទះ អ្នក​ដឹក​ជញ្ជូន​បាន​ប្រាប់ពួកគេថា ពួកគេ​កំពុង​ដឹក​ឡាន James Bond។ ក្រោយមកប្ដីបានចេញទៅជួលខ្សែភាពយន្តនៅលើ VHS ហើយបានឃើញឡានដែលគាត់ទើបដេញថ្លៃបាន។

យ៉ាងណាមិញបន្ទាប់ពីគូស្វាមីភរិយា ជួសជុលកែលម្អរួចមក ពួកគេបានដាក់តាំងបង្ហាញវានៅក្នុងពិព័រណ៍ម្តងម្កាលក្នុងរយៈពេល ២ ទសវត្សរ៍បន្ទាប់ មុនពេលសម្រេចចិត្តដាក់លក់ដេញថ្លៃក្នុងឆ្នាំ២០១៣។ គួរឱ្យដឹងថា រថយន្តស្ព័រ Lotus Esprit ត្រូវបានលក់ដេញថ្លៃនៅក្រុមហ៊ុន RM Sotheby’s ក្នុងឆ្នាំ២០១៣ ទៅកាន់អ្នកទិញសម្ងាត់ម្នាក់។ ក្រោយមកត្រូវបានគេបង្ហាញថាម្ចាស់ថ្មីនោះគឺជាមហាសេដ្ឋី Elon Musk ក្នុងតម្លៃ ៩៩៧,០០០ ដុល្លារសម្រាប់រថយន្តនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc