មហាសេដ្ឋីឥណ្ឌា Mukesh Ambani ឡើងកូត​ខ្លាំង ខណៈកំពុងសំងំកើបលុយរាប់លានដុល្លារពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន
បុគ្គលជោគជ័យ May 10, 2022 Khmernote

សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនៅតែបន្តអូសបន្លាយមកទល់ពេលនេះ កំពុងធ្វើឱ្យប្រទេស និងបុគ្គលមួយចំនួនឆ្លៀតឱកាសទាញយកផលប្រយោជន៍ជាច្រើន តួយ៉ាងដូចលោក Mukesh Ambani ដែលជាមហាសេដ្ឋីឥណ្ឌា កំពុងសំងំកើបលុយរាប់លានដុល្លារពីសង្រ្គាមមួយនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន internationalpk បានឱ្យដឹងថា ក្រុមហ៊ុន Reliance Industries Ltd ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងរបស់លោក Mukesh Ambani កំពុងប្រមូលទិញប្រេងឆៅពីប្រទេសរុស្ស៊ីក្នុងតម្លៃថោក ហើយយកមកច្នៃនឹងបញ្ចេញលក់វិញ ក្នុងតម្លៃថ្លៃ ខណៈពេលដែលតម្លៃប្រេងនៅសកលលោកកើនឡើងឥតឈប់ឈរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងប្រមូលទិញប្រេងម៉ាស៊ូត និង naphtha បន្ថែមទៀត បន្ទាប់ពីតម្លៃរបស់ប្រេង ២នេះបានកើនឡើង។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្ដើមរហូតមកដល់ខែកុម្ភៈ ក្រុមហ៊ុនរបស់មហាសេដ្ឋីខាងលើបានទិញប្រេងឆៅរបស់រុស្ស៊ីជាង ៤០លានបារ៉ែល។ ជាមួយគ្នានេះ យោងតាមការសន្និដ្ឋានរបស់ Bloomberg ក្រុមហ៊ុននាំចូលប្រេងធំជាងគេទីបីរបស់ពិភពលោកមួយនេះ រកចំណូលបានប្រហែល ៦០% ពីការនាំចេញប្រេងតែមួយមុខ ខណៈប្រាក់ចំណូលសុទ្ធបានកើនឡើង ២២% ដល់ ចំនួន ២.១ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ internationalpk