មហាសេដ្ឋី Bill Gates ដាក់មួយឃ្លាទៅកាន់ Elon Musk ក្រោយមហាសេដ្ឋីរូបនេះទិញ Twitter បានជោគជ័យ
បុគ្គលជោគជ័យ May 6, 2022 Khmernote

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយនៅឯកិច្ចប្រជុំកំពូលប្រឹក្សា CEO របស់ Wall Street Journal កាលពីថ្ងៃពុធថា៖ ” លោក Elon Musk អាចធ្វើឱ្យ Twitter នឹងកាន់តែអាក្រក់ទៅៗ​ “។ មហាសេដ្ឋីចិត្តធម៌រូបនេះ បានបន្ថែមថា គាត់មិនប្រាកដថា តើអនាគតរបស់ Twitter នឹងទៅជាយ៉ាងណានោះទេ ក្រោមការដឹកនាំរបស់ Elon Musk តែពិតណាស់ Musk នឹងធ្វើឱ្យ Twitter កាន់តែអាក្រក់។

ជាមួយគ្នានេះ លោក Bill Gates ក៏បានបន្ថែមទៀតថា Twitter មិនមែនជាអ្វីដែល Musk ផ្ដោតលើទេ ព្រោះអ្វីដែល Musk ផ្ដោតលើនោះគឺ Tesla និង SpaceX ជាមួយនឹងគំនិតដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការប្រមូលផ្តុំក្រុមវិស្វករដ៏អស្ចារ្យ ហើយទទួលយកអ្នកដែលធ្វើការនៅក្នុងវិស័យនេះទាំងមិនសូវក្លាហាន និងមានចំណេះជំនាញ ឱ្យក្លាហាននិងរៀនអភិវឌ្ឍន៍ខ្លួន។

ទន្ទឹមនឹងនេះស្ថាបនិកក្រុមហ៊ុន Microsoft បានសម្តែងការព្រួយបារម្ភអំពីរបៀបដែល Musk អាចដោះស្រាយព័ត៌មានមិនពិតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសលើការលើកកម្ពស់ “ការនិយាយដោយសេរី”។ យ៉ាងណាមិញ ទោះបីជា លោក Bill Gates បានលើកឡើងដូចខាងលើក៏ដោយក្ដី ក៏គាត់បានណែនាំអ្នកគ្រប់គ្នាថា មិនគួរមើលស្រាលមហាសេដ្ឋី Elon Musk ឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo