លោកតាវ័យ ១០០ឆ្នាំ បានបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងនាមជាអ្នកដែលធ្វើការនៅក្រុមហ៊ុនតែមួយអស់រយៈពេល ៨៤ឆ្នាំ
បុគ្គលជោគជ័យ May 5, 2022 Khmernote

ជាទូទៅមនុស្សភាគច្រើនធ្វើការយ៉ាងហោចណាស់ចាប់ពីពីរកន្លែងឡើងទៅនៅក្នុងអាជីពរបស់ពួកគេ ប៉ុន្តែសម្រាប់លោក Walter Orthmann វិញខុសពីគេ គឺលោកចំណាយពេលដ៏យូរធ្វើការនៅក្រុមហ៊ុនតែមួយ រហូតអាចអាចបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងនាមជាអ្នកដែលធ្វើការនៅក្រុមហ៊ុនតែមួយក្នុងរយៈពេលយូរបំផុត។

យោងតាមការចេញផ្សាយរបស់ Guinness World Records កាលពីសប្ដាហ៍មុន លោក Walter Orthmann ដែលមានអាយុ ១០០ឆ្នាំ បានធ្វើការនៅក្រុមហ៊ុនមួយអស់រយៈពេល ៨៤ឆ្នាំ និង ៩ថ្ងៃ គិតត្រឹមថ្ងៃទី០៦ ខែមករា។ បុរសវ័យចំណាស់ជនជាតិប្រេស៊ីល​រូបនេះបាន​ចាប់ផ្តើមធ្វើការជាជំនួយការផ្នែកដឹកជញ្ជូននៅក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A. ដែលឥឡូវត្រូវបានគេស្គាល់ថា ReneauxView ក្នុងខែមករា ឆ្នាំ១៩៣៨។ កាលនោះគាត់មានអាយុ ១៥ឆ្នាំប៉ុណ្ណោះ តែត្រូវចាំបាច់រកការងារធ្វើ ដើម្បីជួយផ្គត់ផ្គង់គ្រួសារ ដែលប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។

គាត់បាននិយាយថា “ត្រលប់ទៅឆ្នាំ១៩៣៨ ក្មេងៗត្រូវបានឱ្យទៅធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ ហើយក្នុងនាមជាកូនបងក្នុងចំណោមបងប្អូន ៥នាក់ គាត់ត្រូវតែទៅធ្វើការនៅអាយុ ១៤ឆ្នាំ “។ យ៉ាងណាមិញចាប់តាំងពីចូលធ្វើការ Orthmann ត្រូវបានដំឡើងឋានៈជាបន្តជាពីតួនាទីផ្នែកលក់ ទៅតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់។

យ៉ាងណាមិញបន្ទាប់ពីឆ្លងកាត់ការងារអស់ជាច្រើនទសវត្សមក គាត់បាននិយាយថា ដំបូន្មានអាជីពដ៏ល្អបំផុតរបស់គាត់ គឺស្វែងរកនិយោជកល្អ និងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក។ លោក​បាន​បន្ត​ថា​៖ “ពេល​យើង​ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត យើងមិនចាប់អារម្មណ៍នឹងពេលវេលាដែលកំពុងដើរទៅមុខទេ ពោលគឺពេលវេលាដើរលឿនណាស់ ធ្មេចបើកៗមួយឆ្នាំផុតទៅដោយមិនដឹងខ្លួន”​៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider