ជាធម្មតានៅពេលដែលយើងកាន់តំណែងកាន់តែធំ ការងារកាន់តែច្រើន ប្រាក់ខែក៏ច្រើនដែរ តែផ្ទុយពីយើងគ្រប់គ្នាមហាសេដ្ឋី ៤រូប មានតំណែងសុទ្ធតែជានាយកប្រតិបត្តិនៃក្រុមហ៊ុនដែលបង្កើតឡើងដោយខ្លួនឯង តែបែរជាធ្វើការយកប្រាក់ខែតែ ១ដុល្លារក្នុងមួយខែទៅវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kalkinemedia មហាសេដ្ឋី ៤រូបនោះមានដូចជា៖ Mark Zuckerberg, Michael Bloomberg, Larry Page និង Sergey Brin។
-លោក Mark Zuckerberg ជាស្ថាបនិក Meta Platforms (ពីមុនជា Facebook) និងជាសហគ្រិនបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាបានបង្កើត Meta Platforms ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតក៏ដោយ ក៏ប្រាក់ខែគោលរបស់លោក Mark គឺចំនួន ១ដុល្លារប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៣មក។

-លោក Michael Bloomberg ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Bloomberg LP លោក Michel Bloomberg បច្ចុប្បន្នគឺជាអ្នកមានបំផុតទី១៣ នៅលើពិភពលោក។ មហាសេដ្ឋីរូបនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ខែចំនួន ១ល្លារក្នុងមួយឆ្នាំ។

-លោក Larry Page និង Sergey Brin ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google មានទ្រព្យសម្បត្តិសុទ្ធចំនួន ១០៧ ពាន់លានដុល្លារ និង ១០៣ ពាន់លានដុល្លារអាមេរិក។ អ្នកទាំងពីរបានទទួលប្រាក់ខែគោលចំនួន ១ដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមហាសេដ្ឋីទាំង៤ ទទួលបានប្រាក់ខែគោលតែ ១ដុល្លារក៏ដោយក្ដី ក៏មិនមែនមានន័យថា ពួកគេមិនមានទ្រព្យសម្បត្តិ និងរស់នៅយ៉ាងឡូយឆាយនោះដែរ។ ទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនបានមកពីការឡើងថ្លៃដើមទុននៃការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ kalkinemedia


