សេដ្ឋីឥណ្ឌា Adani ពីបុគ្គលិកតម្រៀបគ្រាប់ពេជ្រឲ្យគេ រហូតក្លាយជាមហាសេដ្ឋីលំដាប់លេខ៥ លើពិភពលោក ដែលទ្រព្យកើនឡើងលឿនខ្លាំង ត្រឹម២ឆ្នាំ រកបានជាង១០០ពាន់លានដុល្លារ
បុគ្គលជោគជ័យ April 29, 2022 Khmernote

លោក Gautam Adani គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដំណើរការអាជីវកម្មលើវិស័យថាមពល ការជីកយករ៉ែ ការគ្រប់គ្រងកំពង់ផែ និងប្រតិបត្តិការព្រលានយន្តហោះ។ ក្រៅពីនេះ Adani Group កាន់កាប់កំពង់ផែពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា និងមានភាគហ៊ុន ៧៤% នៅក្នុងព្រលានយន្តហោះអន្តរជាតិ Mumbai។

នាពេលថ្មីៗនេះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះបានកើនឡើងដល់ ១២២ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់​ វ៉ាដាច់លោក Warren Buffett និង Larry Page ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកទី៥ និងជាអ្នកមានជាងគេបំផុតនៅឥណ្ឌា នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។

មុនពេលក្លាយជាអ្នកជំនួញ ហើយទទួលបានងារជាមហាសេដ្ឋីលំដាប់ពិភពលោកនាបច្ចុប្បន្ននេះ លោក Gautam Adani គ្រាន់តែជានិស្សិតដែលបានបោះបង់ការសិក្សានៅឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Gujarat ហើយងាកមករកឧស្សា​ហកម្មពេជ្រ ដោយដំបូងធ្វើជាអ្នកតម្រៀបពេជ្រ ហើយក្រោយមកក៏បានក្លាយទៅជាពាណិជ្ជករនៅទីក្រុងបុមបៃ នេះបើយោងតាម Silicon India។

ជាមួយគ្នានេះដែរ បើយោងតាម Bloomberg មហាសេដ្ឋីឥណ្ឌារូបនេះ បានបង្កើតក្រុមហ៊ុន Adani Enterprises ក្នុងឆ្នាំ១៩៨៨ បន្ទាប់ពីគាត់បានចូលរួមជាមួយបងប្រុសរបស់គាត់ក្នុងការគ្រប់គ្រងក្រុមហ៊ុនផ្លាស្ទិក។ បច្ចុប្បន្ន Adani គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Adani Enterprises កំពង់ផែ Adani និងតំបន់សេដ្ឋកិច្ចពិសេស និងជានាយកនៃក្រុមហ៊ុន Adani Power, Adani Transmissions, Adani Total Gas និង Adani Green Energy។

គួរឱ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់ Adani មានតែខ្ទង់ ១០ពាន់លានដុល្លារប៉ុណ្ណោះ ហើយក្រោយមកទ្រព្យសម្បត្តិរបស់គាត់ចេះតែកើនឡើងរហូត ហើយមកទល់ដើមខែមេសា ឆ្នាំ២០២២ នេះ ទ្រព្យរបស់គាត់បានឡើងដល់ជាង ១០០ពាន់លានដុល្លារ នេះបើយោងទៅតាមសន្ទស្សន៍របស់ Bloomberg ។ ទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ គឺបានមកពីភាគហ៊ុនធំដែលគាត់មាននៅក្នុងក្រុមហ៊ុនរបស់គាត់ ដោយយោងទៅតាម Bloomberg គាត់កាន់កាប់ភាគហ៊ុន ៧៥% នៅក្នុងក្រុមហ៊ុន Adani Enterprises, Adani Power និង Adani Transmissions ។ ជាមួយគ្នានេះតម្លៃភាគហ៊ុនរបស់ Adani Enterprises បានកើនឡើងស្ទើរតែទ្វេដងក្នុងឆ្នាំចុងក្រោយនេះ ខណៈពេលដែល Adani Power’s បានកើនឡើងបីដង៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo