កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋី Elon Musk បានទិញយក Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ទោះបីជាមហាសេដ្ឋីលេខ១ លើលោករូបនេះ ជោគជ័យក្នុងការទិញបានក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក៏ពិតមែន ប៉ុន្តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១២% កាលពីថ្ងៃអង្គារ នាំឱ្យមានការខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ត្រឹមពេលតែមួយថ្ងៃ បន្ទាប់ពីលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានធ្វើកិច្ចព្រមព្រៀងទិញ Twitter។ ក្នុងនោះភាគហ៊ុនផ្ទាល់ខ្លួនរបស់ Musk នៅក្នុងក្រុមហ៊ុន ក៏បានធ្លាក់ចុះចំនួន ៤០ពាន់លានដុល្លារផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន មូលហេតុដែលភាគហ៊ុនធ្លាក់ចុះ ភាគច្រើនកើតចេញពីការព្រួយបារម្ភនៅពេល Musk កំពុងចំណាយការកាន់កាប់ Twitter របស់គាត់។ ជាមួយគ្នានេះវិនិយោគិនក៏បារម្ភថា Musk អាចនឹងលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ ដើម្បីផ្ដោតលើ Twitter ដែរ។
គួរបញ្ជាក់ផងដែរថា តម្លៃភាគហ៊ុនរបស់ Musk នៅក្នុងក្រុមហ៊ុន Tesla បានធ្លាក់ចុះចំនួន ៤០ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី០៤ ខែមេសា នៅពេលដែលគាត់បានប្រកាសជាលើកដំបូងថាគាត់បានទិញភាគហ៊ុន ៩.២% នៅក្នុង Twitter ។ ចាប់តាំងពីពេលនោះមក ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាច្រើនដងមុនពេលការលក់ចេញកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការធ្លាក់ចុះសរុប ២៣% ឬ ២៧៥ពាន់លានដុល្លារនៅក្នុងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងខែនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


