រុស្ស៊ី សម្រេចដាក់ទណ្ឌកម្មលើមេធំ Meta អ្នកជំនួញ មន្រ្តី និងអ្នកកាសែតជាច្រើនរូបរបស់អាមេរិក
បុគ្គលជោគជ័យ April 22, 2022 Khmernote

ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg និងជនជាតិអាមេរិក ២៨នាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងពួកគេមិនឱ្យចូលក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ក្នុង​ការ​សងសឹក​ ចំពោះ​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន។

តាមប្រភពដដែល ក្រៅពីមេធំហ្វេសប៊ុក អ្នកដែលត្រូវបានដាក់ទណ្ឌកម្មហាមមិនឱ្យចូលប្រទេសរុស្ស៊ីផ្សេងទៀតរួមមាន៖ មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ មេដឹកនាំពាណិជ្ជកម្មអាមេរិក និងអ្នកកាសែត អនុប្រធានាធិបតី Kamala Harris នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky និងអ្នករាយការណ៍ ABC លោក George Stephanopoulos។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកដែលបានរៀបរាប់ខាងលើនឹងត្រូវបានបដិសេធមិនអោយចូលទៅក្នុងប្រទេសរុស្ស៊ីដោយ “គ្មានកាលកំណត់” នេះបើយោងតាមការបកប្រែផ្ទៃក្នុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ ទោះជាយ៉ាងណាក្ដី ទណ្ឌកម្មនេះទំនងជាមិនមានផលប៉ះពាល់ខ្លាំងណាមួយដល់លោក Zuckerberg ឬមនុស្សណាម្នាក់ដែលបានចុះក្នុងបញ្ជីទណ្ឌកម្មឡើយ ក្រៅពីការបញ្ឈប់ពួកគេពីការបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

គួរកត់សម្គាល់ថា បញ្ជីនេះមិនបានបញ្ចូលឈ្មោះមេដឹកនាំអាជីវកម្មកំពូលៗរបស់សហរដ្ឋអាមេរិកដូចជា CEO របស់ Twitter លោក Parag Agrawal ឬ CEO របស់ Google លោក Sundar Pichai នោះទេ ទោះបីជា Twitter និង YouTube ដែលជាកម្មសិទ្ធិរបស់ Google បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយព័ត៌មានមិនពិតរបស់រុស្ស៊ីក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider