មេធំ facebook បានបង្ហើបថា៖ “ការងារដែលត្រូវប៉ាន់នាពេលអនាគតភាគច្រើនជាការងារប្រភេទនេះ”
បុគ្គលជោគជ័យ April 19, 2022 Khmernote

លោក Mark Zuckerberg គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស meta និងជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ Mark ធ្លាប់ត្រូវបានគេចាត់ទុកជា មហាសេដ្ឋីវ័យក្មេងបំផុត ដែលអាចរកប្រាក់បានរាប់ពាន់លានដុល្លារ ក្រោយបានបង្កើតបណ្ដាញហ្វេសប៊ុក ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ស្ទើរពាសពេញពិភពលោក។

ជោគជ័យដ៏ធំក្នុងជីវិតរបស់មហាសេដ្ឋីរូបនេះ កើតឡើងដោយសារតែ ការច្នៃប្រឌិតប្លែកៗ និងការយល់ច្បាស់ពីអ្វីដែលពិភពលោកត្រូវការណាពេលខាងមុខ។ ហើយថ្មីៗនេះ នៅលើវគ្គថ្មីនៃកម្មវិធី “Lex Fridman Podcast” ដែលរៀបចំឡើងដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ MIT លោក Lex Fridman មេធំ Meta បាននិយាយថា៖ “នៅពេលដែលបច្ចេកវិទ្យាទំនើបបន្តអភិវឌ្ឍ ការងារដែលផ្តោតលើបច្ចេកវិទ្យានឹងកាន់តែគ្របដណ្ដប់លើពិភពលោក – គ្រាន់តែមិនមែនជាប្រភេទនៃ “ការងារបច្ចេកវិទ្យា” ដែលយើងជួបប្រទះសព្វថ្ងៃនេះ។”

Mark បានបន្ថែមថា៖ ” មួយផ្នែកដែលខ្ញុំគិតថា សេដ្ឋកិច្ចច្នៃប្រឌិត និង metaverse មានភាពអស្ចារ្យ គឺថា មនុស្សកាន់តែច្រើននាពេលអនាគត នឹងទៅធ្វើការដោយច្នៃប្រឌិត ជាងអ្វីដែលខ្ញុំគិតនាពេលបច្ចុប្បន្ននេះគឺមនុស្សធ្វើការងារ ឬ សេវាកម្មបែបប្រពៃណី”។ លោក ក៏បានលើកឡើងទៀតថា គំនិតនេះគឺមិនមែនថារាល់ការងារនាពេលអនាគតនឹងពាក់ព័ន្ធនឹងសិល្បៈឌីជីថលនោះទេ។ ផ្ទុយទៅវិញ វាជាស្វ័យប្រវត្តិកម្មនៃប្រព័ន្ធមូលដ្ឋានមួយចំនួន — ដែលអាចឱ្យកុមារងាយស្រួលបង្កើតសិល្បៈតាមរយៈកូដ,ជាឧទាហរណ៍ វានឹងអនុញ្ញាតឱ្យមនុស្សចំណាយពេលច្រើនលើកិច្ចការដូចជាការបង្កើតផលិតផលថ្មី និងធ្វើឱ្យដំណើរការចាស់ៗកាន់តែមានប្រសិទ្ធភាព។

គួរឱ្យដឹងថា ការលើកឡើង និងការប៉ាន់ស្មានរបស់គាត់កើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ពោលគឺ៖ នៅពេលដែលគាត់បានបើកដំណើរការ Facebook លើកដំបូងក្នុងឆ្នាំ២០០៤ ការសរសេរកូដ “បានជួយបង្កើតអ្វីមួយដែលមានប្រយោជន៍”។ ហើយឥឡូវនេះគាត់បានបន្ថែមថា គាត់មើលកូនស្រីរបស់គាត់បង្កើត “កូដសិល្បៈ” ដោយវាយក្នុងសមីការដើម្បីបង្កើតរូបភាព និងសិល្បៈ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc