មហាសេដ្ឋី Elon Musk បដិសេធមិនចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ Twitter ក្រោយពីទិញហ៊ុន ៩.២% ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ
បុគ្គលជោគជ័យ April 12, 2022 Khmernote

មហាសេដ្ឋី Elon Musk បានបដិសេធមិនចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ Twitter បន្ទាប់ពីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ បណ្ដាញសង្គមយក្សមួយនេះ ជាមួយនឹងភាគហ៊ុន ៩.២%។ ការបដិសេធនេះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាញសង្គមមួយនេះ យ៉ាងខ្លាំង ខណៈកន្លងមកមហាសេដ្ឋីរូបនេះបានរិះគន់ និងមានបំណងចង់កែប្រែទម្រង់ជាច្រើនរបស់ Twitter។

នាយកប្រតិបត្តិរបស់ Twitter លោក Parag Agrawal បានប្រកាសថា Musk ដែលជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងមិនចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួនទេ។ មហាសេដ្ឋីអាមេរិករូបនេះ ត្រូវបានផ្តល់ជូនកៅអីក្រុមប្រឹក្សាភិបាលកាលពីថ្ងៃអង្គារ ជាមួយនឹងការតែងតាំងរបស់គាត់ដែលមានសុពលភាពចាប់ពីថ្ងៃសៅរ៍។

លោក Agrawal នៅក្នុង twitter បានប្រកាសពីការសម្រេចចិត្តរបស់ Musk ក្នុងការមិនចូលរួមក្រុមប្រឹក្សាភិបាល។ នាយកប្រតិបត្តិ Twitter បានចែករំលែកខ្លីៗដែលគាត់បានផ្ញើទៅកាន់ក្រុមហ៊ុន។ ជាមួយគ្នានេះមហាសេដ្ឋី Elon Musk មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​សម្រេច​ចិត្ត​របស់​គាត់​ទេ។ សូម្បីតែនាយកប្រតិបត្តិ Twitter ក៏បដិសេធមិនបង្ហាញពីហេតុផលនៅពីក្រោយការផ្លាស់ប្តូររបស់ musk ដែរ។

គួរបញ្ជាក់ថា មហាសេដ្ឋី Elon Musk គឺជាអ្នកប្រើប្រាស់ Twitter ដ៏ល្បី ដែលមានអ្នកតាមដាន (follower) ជាង ៨០លាននាក់ កន្លងមកលោកបានរិះគន់យ៉ាងចាស់ដៃទៅលើ​ Twitter ទៅលើច្បាប់ប្រើប្រាស់មួយចំនួន​ដូចជា​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ជាដើម រហូតដល់ថ្នាក់ចង់បង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនប្រជែងទៀតផង។ លើសពីនេះ កាលពីថ្ងៃទី០៥​ ខែមេសា កន្លងទៅថ្មីៗ មហាសេដ្ឋីរូបនេះ បានបង្ហាញពីភាគហ៊ុន ៩.២% នៅក្នុង Twitter មានតម្លៃជិត ៣ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter៕

អត្ថបទ៖ លីនី
ប្រភព៖ economictimes