មហាសេដ្ឋីពីររូបក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោកកំពុងបង្កើតគំនិតដើម្បីដោះស្រាយបញ្ហានៃភាពគ្មានផ្ទះសម្បែង ដោយស្នើឱ្យ Twitter ប្ដូរទីស្នាក់ការកណ្ដាលរបស់ខ្លួនទៅជាផ្ទះសម្រាប់អ្នកគ្មានផ្ទះសម្បែង។ ស្ថាបនិក Amazon លោក Jeff Bezos កាលពីថ្ងៃអាទិត្យបានគាំទ្រគំនិតមួយដែលបានចេញដោយលោក Elon Musk ដែលទើបតែក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter ដើម្បីបំប្លែងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះនៅ San Francisco ទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ខណៈដែលមានមនុស្សតិចតួចកំពុងធ្វើការនៅទីនោះអំឡុងពេលជំងឺរាតត្បាត។
លោក Bezos បានស្នើឱ្យផ្លាស់ប្តូរយ៉ាងហោចណាស់ផ្នែកមួយនៃទីស្នាក់ការកណ្តាលរបស់ Twitter ប្រសិនបើមិនអាចផ្លាស់ប្ដូរទាំងអស់ទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ខណៈ Musk បានយល់ព្រមនៅក្នុង tweet មួយទៀតដោយហៅវាថាជា “គំនិតដ៏អស្ចារ្យ” ។ ជាមួយគ្នានេះ មហាសេដ្ឋី Elon Musk ដែលមានអ្នកតាមដានច្រើនជាង ៨១លាននាក់នៅលើ Twitter បានចាប់ផ្តើមការស្ទង់មតិកាលពីថ្ងៃសៅរ៍ដោយសុំឱ្យអ្នកប្រើប្រាស់បោះឆ្នោតថា តើអគារនេះគួរត្រូវបានបំប្លែង ឬយ៉ាងណា? ការស្ទង់មតិទទួលបានសម្លេងឆ្នោតជាងមួយលានក្នុងរយៈពេលតិចជាងមួយថ្ងៃ ដោយច្រើនជាង ៩០ភាគរយនិយាយថា គាំទ្រ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលជាញឹកញាប់ tweet អំពីក្រុមហ៊ុនរបស់គាត់ និងប្រធានបទផ្សេងទៀត ត្រូវបានគេដឹងថា ធ្វើឱ្យមនុស្សយល់ច្រលំថាគាត់និយាយលេង។ ប៉ុន្តែទោះជាយ៉ាងណា Musk បានបញ្ជាក់ថា លើកនេះគាត់មិនមែនលេងសើចទេ គាត់បានបង្ហោះសារតាមដានលើប្រធានបទនេះកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំពិតជាសង្កត់ធ្ងន់ចំពោះរឿងនេះណាស់»។ លើសពីនេះ ក្រៅពីស្នើឱ្យបំលែងអាគារ Musk ក៏បានស្នើឱ្យមានការផ្លាស់ប្តូរចំពោះសេវាកម្មជាវប្រចាំ Twitter Blue premium កាលពីថ្ងៃសៅរ៍ រួមទាំងការកាត់បន្ថយតម្លៃរបស់វា ហាមប្រាមការផ្សាយពាណិជ្ជកម្ម និងផ្តល់ជម្រើសក្នុងការទូទាត់ជា cryptocurrency dogecoin៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia