ចេះប្រាកដប្រាក់រត់តាមហៅ! ក្មេងស្រីវ័យត្រឹម ១៣ឆ្នាំម្នាក់ ចាយពេលតែ ១ឆ្នាំក្លាយជាមហាសេដ្ឋី ដោយសារតែទេពកោសល្យមួយនេះ
បុគ្គលជោគជ័យ April 8, 2022 Khmernote

Nyla Hayes បានក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងដោយចំណាយពេលតែ ១ឆ្នាំ ដោយការលក់រូបគំនូររបស់នាងជា NFTs (non-fungible tokens)។ NFTs ឬ “Non-fungible” គឺរូបសិល្បៈជា វិដេអូចម្រៀង រូបគំនូរ ឬ រូបថត ដែលច្នៃឱ្យមានភាពទាក់ទាញ ហើយរូបរបស់ Hayes គឺមានលក្ខណៈប្លែកពីគេ ទើបធ្វើឱ្យនាងអាចរកប្រាក់បានច្រើនពីការលក់រូបទាំងនោះ។

វិចិត្រករវ័យ ១៣ឆ្នាំរូបនេះ បានប្រាប់ NBC News ថា រូប NFTs របស់នាងគឺគូរពិពណ៌នាពីស្រ្តីដែលមានកេរ្តិ៍ឈ្មោះល្បីៗ រាប់ចាប់ពី Ruth Bader Ginsburg ទៅ​ Lucille Ball ក៏ដូចជា គូរពីស្ទីលរបស់ស្រ្តីប្រចាំថ្ងៃ ហើយបង្ហោះវានៅលើគេហទំព័រ NFT ជាកន្លែងដែលនរណាម្នាក់អាចទិញរូបនោះជាមួយ cryptocurrency។

ក្មេងស្រីរូបនេះ បានឱ្យដឹងទៀតថា នាងបានហៅរូប NFTs របស់នាងថា “long neckies” ឬ “កវែង” ដោយគ្រប់រូបគំនូរដែលនាងគូរ គឺជារូបមនុស្សដែលមានកវែង ហើយនេះគឺជាភាពលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍របស់រូបគំនូររបស់នាង។ នាងបានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ និងគូររូបមនុស្សមានកវែងៗបែបនេះ គឺកើតចេញពីការស្រលាញ់របស់នាងតាំងពីវ័យកុមារ ដោយពេលនៅតូច Hayes ចាប់អារម្មណ៍នឹងដាយណូស័រ Brontosaurus ហើយក្រោយមកនាងស្វែងរកអ្វីដែលនាងស្រលាញ់ឃើញ នោះគឺ ដាយណូស័រ Brontosaurus និងស្រ្តី ហើយចង់បង្កើតវាឱ្យចេញជាអ្វីមួយ ហើយនាងក៏ច្នៃជារូបមនុស្សមានកវែងតែម្ដងទៅ។

នៅក្នុងខែមីនា Hayes បានលក់រូប “Long Neckie Lady” របស់នាងក្នុងតម្លៃ ៦,៦២១.៧០ នៅលើ Instagram ។ ហើយមួយខែមុននោះ នាងបានលក់គំនូរមួយទៀតក្នុងតម្លៃ ៣,៩២០.០៥។ ក្រឡេកទៅមើលចំណុចចាប់ផ្ដើមបន្តិច Hayes ចាប់ផ្តើមបង្កើត NFT ដោយសារនាងចូលចិត្តសិល្បៈគូររូប ហើយឃើញដូច្នេះម្ដាយរបស់នាងបានទិញទូរស័ព្ទស្មាតហ្វូនឱ្យនៅអាយុ ៩ឆ្នាំ។ មុនពេលចាប់ផ្តើមរកលុយបានច្រើន នាងបានគូររូបរបស់នាងនៅលើស្មាតហ្វូន ហើយបង្ហាញវាឱ្យតែគ្រួសារ និងមិត្តភក្តិរបស់នាងមើលប៉ុណ្ណោះ ដោយនាងភ័យខ្លាចគេមិនចូលចិត្ត ហើយគិតថាវាចម្លែក។

យ៉ាងណាមិញនៅឆ្នាំ២០២១ Hayes ត្រូវបានគេដាក់ឈ្មោះថា “Artist-in-Residence” ដំបូងបង្អស់របស់ទស្សនាវដ្តី Time ជាពានរង្វាន់ដែលផ្តល់ដល់អ្នកដែលកំពុងជំរុញអាជីពរបស់ពួកគេតាមរយៈ NFTs ។ ក្នុងនាមជាសិល្បករនៃ​ “Artist-in-Residence” នាងបានធ្វើការប្រមូលផ្ដុំដ៏អស្ចារ្យមួយ ដោយនាងបានបង្កើតឡើងវិញនូវរូបភាពគម្របរបស់ Time នៃសិទ្ធិផ្តាច់មុខ “Women of the Year” របស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ today