យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpres បានឱ្យដឹងថា មហាសេដ្ឋីវៀតណាមចំនួន ៧នាក់បានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោករបស់ទស្សនាវដ្ដី Forbes។ ជាមួយគ្នានេះ បើតាមការបង្ហាញបញ្ជីឈ្មោះ Forbes ឆ្នាំ២០២២ អ្នកមានបំផុតរបសវៀតណាមទាំង ៧នាក់នោះមានតម្លៃសរុប ២១.២ ពាន់លានដុល្លារ។
ក្នុងនោះរួមមាន៖ លោក Bui Thanh Nhon ដែលមានអាយុ ៦៤ឆ្នាំ ជាប្រធាន Nova Group ដែលបានជាប់ក្នុងបញ្ជីរបស់ Forbes នេះជាលើកដំបូង។ បន្ទាប់មក លោក Pham Nhat Vuong អាយុ ៥៣ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup និងជាមហាសេដ្ឋីដំបូងគេរបស់ប្រទេសនេះ ដែលស្ថិតនៅក្នុងបញ្ជីសម្រាប់ឆ្នាំទី១០ ជាប់ៗគ្នា។
ទន្ទឹមនឹងនេះក៏មានវត្តមានលោក Tran Dinh Long អាយុ ៦១ឆ្នាំ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតដែក Hoa Phat Corp ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.២ ពាន់លានដុល្លារ កើនឡើង ១ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។ លោកស្រី Nguyen Thi Phuong Thao អាយុ ៥១ឆ្នាំបានជាប់ចំណាត់ថ្នាក់ទី៩៨៤ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣.១ ពាន់លានដុល្លារ។ បច្ចុប្បន្នលោកស្រីជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ VietJet Air និងជាប្រធានក្រុមហ៊ុន Sovico Group ដែលជាក្រុមវិនិយោគឈានមុខគេនៅក្នុងប្រទេសវៀតណាម។
ក្រៅពីមហាសេដ្ឋីគឺនៅមាន ៣រូបទៀតរួមមាន៖ ប្រធាន Techcombank លោក Ho Hung Anh អាយុ ៥១ឆ្នាំស្ថិតក្នុងបញ្ជីជាលើកទី៤ ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ២.៣ ពាន់លានដុល្លារ កើនឡើងពី ១.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំងប្រធានក្រុមហ៊ុន Masan លោក Nguyen Dang Quang អាយុ ៥៨ឆ្នាំ ដោយមានទ្រព្យសម្បត្តិចំនួន ១.៩ ពាន់លានដុល្លារ ខណៈលោក Tran Ba Duong អាយុ ៦២ឆ្នាំជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Truong Hai Auto Company (Thaco) មានទ្រព្យសម្បត្តិសុទ្ធ។ ១.៦ ពាន់លានដុល្លារ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


