មហាសេដ្ឋី Bill Gates ប្រាប់ពីមូលហេតុដែលត្រូវប្រយ័ត្នក្នុងការវិនិយោគ Bitcoin ហើយផ្ដាំថា៖ “ប្រសិនបើអ្នកមានលុយតិចជាង Elon Musk គួរប្រយ័ត្ន”
បុគ្គលជោគជ័យ April 6, 2022 Khmernote

ក្នុងពេលបច្ចុប្បន្ននេះ ឃើញថាមហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនងាកទៅរកការវិនិយោគនៅក្នុង Bitcoin ប៉ុន្តែក្នុងនោះមិនមានវត្តមានមហាសេដ្ឋីចិត្តធម៌ Bill Gates ឡើយ។ បើយោងតាមបទសម្ភាសន៍មួយកាលពីខែកុម្ភៈ ឆ្នាំ២០២១ មហាសេដ្ឋីបានប្រាប់ពីមូលហេតុ ដែលលោកមិនវិនិយោគនៅក្នុង Bitcoin ហើយថែមទាំងណែនាំអ្នកដែលវិនិយោគនៅក្នុងនោះ មានការប្រុងប្រយ័ត្ននឹងគិតគូរឱ្យច្បាស់លាស់ទៀតផង។

ស្ថាបនិកក្រុមហ៊ុន Microsoft បានប្រាប់ Bloomberg Technology ថា៖ “គាត់មានការប្រុងប្រយ័ត្នចំពោះភាពច្របូកច្របល់លើ Bitcoin ជាពិសេសដោយសារតម្លៃនៃរូបិយប័ណ្ណគ្រីបតូ ដែលអាចត្រូវបានផ្លាស់ប្ដូរយ៉ាងលឿនដោយសាររឿងហេតុសាមញ្ញៗ ដូចជាការបង្ហោះរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk នៅលើគណនី tweeter របស់គាត់ជាដើម “។

គាត់បានបន្ថែម​ទៀតថា៖ ” Elon មានលុយច្រើន ហើយគាត់ទំនើប និងទាន់សម័យ ដូច្នេះខ្ញុំមិនបារម្ភថា Bitcoin របស់គាត់នឹងឡើង ឬចុះដោយចៃដន្យនោះទេ។ ខ្ញុំ​គិត​ថា ​មនុស្ស​ដែលត្រូវ​បាន​គេ​ទាញឱ្យចូលទៅវិនិយោគទាំងនេះ ​ពួកគេក៏ប្រហែល​ជា​មិន​មានសល់​លុយ​ច្រើននោះ​ដែរ ដូច្នេះ​ខ្ញុំ​មិន​រំពឹងខ្ពស់លើការវិនិយោគលើ Bitcoin ទេ។ ដូច្នេះប្រសិនបើអ្នកមានលុយតិចជាងមហាសេដ្ឋី Elon Musk អ្នកគួរប្រុងប្រយ័ត្នក្នុងការវិនិយោគ”។

លើសពីនេះទៅទៀត មហាសេដ្ឋី Bill Gates បាននិយាយថា គាត់មានការព្រួយបារម្ភជាចម្បងអំពីកង្វះបទប្បញ្ញត្តិជុំវិញរូបិយប័ណ្ណគ្រីបតូ ហើយគាត់បានលើកឡើងពីហានិភ័យសំខាន់ៗចំនួនពីរដែលទាក់ទងនឹង Bitcoin និងទម្រង់ផ្សេងទៀតនៃរូបិយប័ណ្ណគ្រីបតូដូចជា៖ ពួកគេត្រូវបានវិមជ្ឈការ ហើយវាអាចមានការប្រែប្រួលខ្លាំង។

គួរឱ្យដឹងថា Elon Musk មហាសេដ្ឋីលំដាប់ពិភពលោកដែលមានទ្រព្យសម្បត្តិសរុប ២៣៣ ពាន់លានដុល្លារ យោងទៅតាមទស្សនាវដ្តី Forbes គឺជាអ្នកលេង និងវិនិយោគលើ Bitcoin ដ៏សកម្ម ដោយបានបង្ហោះសារជាញឺកញាប់ពីការវិនិយោគនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc