ទ្រព្យសម្បត្តិសុទ្ធរបស់អតីតប្រធានាធិបតី Donald Trump បានកើនឡើងដល់ទៅ ៦០០លានដុល្លារចាប់តាំងពីគាត់បានចាកចេញពីសេតវិមានកាលពីមួយឆ្នាំមុន នេះបើយោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ បានកើនឡើង ដោយមួយផ្នែកធំ គឺជំរុញដោយកម្មវិធីប្រពន្ធផ្សព្វផ្សាយសង្គមថ្មីរបស់គាត់មានឈ្មោះថា Truth Social។
បើតាមការចេញផ្សាយបានឱ្យដឹងថា បណ្ដាញសង្គម Truth Social បានបង្កើនទ្រព្យរបស់មហាសេដ្ឋី Donald Trump ប្រហែល ៤៣០លានដុល្លារ បើទោះបីជាបណ្ដាញសង្គម Truth Social មានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃប្រមាណ ៥១៣,០០០នាក់ បើធៀបនឹង Twitter ដែលមានចំនួន ២១៧លាននាក់។
ជាមួយគ្នានេះដែរ បើទោះបីជាមានការថយចុះចំនួនទាញយកក៏ដោយ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ការបណ្តាក់ទុនបច្ចេកវិទ្យារបស់លោក Trump អាចបង្ហាញពីអត្ថប្រយោជន៍ដែលកំពុងវិវត្តន៍ទៅមុខ ខណៈដែល Trump Media and Technology Group បន្តផែនការដើម្បីបញ្ចូលគ្នាជាមួយ SPAC ដែលប្រមូលបានតម្លៃភាគហ៊ុនកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់ថា កាលពីខែតុលា លោក Trump បានទម្លាក់ចេញពីបញ្ជីរបស់ Forbes នៃជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ។ ហើយជាមួយនឹងការប៉ាន់ប្រមាណទ្រព្យសម្បត្តិសុទ្ធចុងក្រោយនេះ លោក Trump ឥឡូវនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១០១២ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes៕

អត្ថបទ៖ លីនី
ប្រភព៖ businessinside


