កាសែតអ៉ីតាលី Corriere della Sera បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៉ីតាលីបានរឹបអូសរថយន្ត limousine ការពារគ្រាប់កាំភ្លើងដ៏ប្រណិតតម្លៃ ៦៧០,០០០ ដុល្លារ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរបានរឹបអូសរថយន្ត Mercedes-Maybach S650 Guard VR10 ពណ៌ខ្មៅ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីផ្នែករុករករ៉ែ និងទូរគមនាគមន៍លោក Alisher Usmanov ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅ Sardinia ដែលជាកោះមួយនៅសមុទ្រមេឌីទែរ៉ាណេ។
ជាមួយគ្នានេះ ប៉ូលីសពន្ធដារអ៉ីតាលីបានបញ្ជាក់ប្រាប់កាសែត The Times កាលពីថ្ងៃអង្គារថា រថយន្តនេះស្ថិតក្នុងចំណោមទ្រព្យសម្បត្តិរបស់លោក Usmanov នៅលើកោះដែលត្រូវបានរឹបអូស។ ដោយឡែក L’Unione Sarda ដែលជាកាសែតក្នុងស្រុករបស់អ៊ីតាលីក៏បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរបានរឹបអូសអគារអចលនទ្រព្យរបស់មហាសេដ្ឋីរូបនេះនៅឈូងសមុទ្រ Pevero ដែលមានតម្លៃ ១៧លានអឺរ៉ូ ឬប្រហែល ១៩លានដុល្លារ និងរថយន្តសាជីវកម្មចំនួន ៦របស់គាត់ ហើយទ្រព្យសម្បត្តិដែលរឹបអូសបានរបស់គាត់នៅ Sardinia មានចំនួនសរុប ៦៦លានអឺរ៉ូ ឬប្រហែល ៧៣លានដុល្លារ។
គួរបញ្ជាក់ថា លោក Usmanov គឺជាមហាសេដ្ឋីលំដាប់ទី៥ របស់រុស្ស៊ី ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៨.៧ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ មហាសេដ្ឋីរូបនេះត្រូវបានដាក់ទណ្ឌកម្មកាលពីថ្ងៃទី២៨ ខែកុម្ភៈដោយសហភាពអឺរ៉ុប។ របាយការណ៍មួយរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបបាននិយាយថា គាត់មាន “ទំនាក់ទំនងជិតស្និទ្ធជាពិសេស” ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយត្រូវបានគេចាត់ទុកថាជា “មេដឹកនាំដែលគាត់ចូលចិត្តបំផុត”៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


