ដូចដែលយើងបានដឹងរួចមកហើយ ក្រោយត្រូវតារាសម្ដែងដ៏ល្បីឈ្មោះ Will Smith បានទះមួយកំផ្លៀងនៅលើឆាក តារាកំប្លែង Chris Rock ហាក់ដូចជាកាន់តែល្បីល្បាញជាងមុន។ Chris Rock កើតនៅទីក្រុង Andrews រដ្ឋ South Carolina នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ១៩៦៥ ហើយបានចាប់ផ្តើមអាជីពជាតារាកំប្លែងក្នុងឆ្នាំ១៩៨៤ នៅក្នុងកម្មវិធី Catch a Rising Star ទីក្រុងញូវយ៉ក។
បើនិយាយពីប្រាក់ចំណូលរបស់តារាកំប្លែងវ័យ ៥៧ឆ្នាំរូបនេះវិញ Chris Rock គឺជាតារាកំប្លែងដែលរកចំណូលបានខ្ពស់បំផុតមួយក្នុងពិភពលោក។ គាត់រកប្រាក់បានយ៉ាងច្រើនពីការសម្ដែង ការនិយាយបែបកំប្លែង និងបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ រួមជាមួយការវិនិយោគយ៉ាងសម្បើមក្នុងវិស័យអចលនទ្រព្យ ដែលបានប្រាក់តាមរយៈការជួល។ Chris Rock សម្តែងរឿងកំប្លែងបែបនិយាយហើយឈរនៅលើឆាកម្នាក់ឯង ( stand-up comedy) នៅទូទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ហើយសម្រាប់កម្មវិធីនីមួយៗ Chris Rock ទាក់ទាញទស្សនិកជនជាងមួយពាន់នាក់ និងរកចំណូលបានរហូតដល់ ១០០,០០០ ដុល្លារក្នុងមួយថ្ងៃដោយការសម្តែងនិយាយបែបកំប្លែងនៅលើឆាក។ លើសពីនេះក្នុងរយៈពេល ២៤ខែមុន គាត់ទទួលបានប្រាក់ខែជាង ១២លានដុល្លារ តាមរយៈរឿងកំប្លែងរបស់គាត់។
ជាមួយគ្នានោះ Chris Rock កាន់កាប់អចលនទ្រព្យជាង ១២កន្លែង រថយន្ត ៨ គ្រឿង ទូកទេសចរណ៍ប្រណិតចំនួន ៣ ហើយ ទ្រព្យសកម្មរបស់ Chris Rock ក៏រួមបញ្ចូលសាច់ប្រាក់បម្រុងជាង ២០លានដុល្លារផងដែរ។ មិនតែប៉ុណ្ណោះ Chris Rock ក៏ជាម្ចាស់ភាគហ៊ុនវិនិយោគនៅក្នុងក្រុមហ៊ុនធំចំនួន ១៤ភាគហ៊ុនដែលមានតម្លៃ ២០លានដុល្លារ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Delta Air Lines ,Coca-Cola ,General Motors ,Starbucks ,Walmart ,Tesla ,Amazon និង Microsoft ដោយការវិនិយោគរបស់ Chris Rock នៅក្នុងទីផ្សារភាគហ៊ុនកំពុងផ្តល់ឱ្យគាត់នូវប្រាក់ចំណេញច្រើនជាង ២៥% ក្នុងមួយឆ្នាំៗ។
គួរបញ្ជាក់ថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់បានឡើងដល់ ៩៧លានដុល្លារ ខណៈឆ្នាំ២០២១ មានចំនួន ៩០លានដុល្លារ។ លើសពីនេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Chris Rock ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងក្នុងអត្រា ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីរឿងដែលបានកើតឡើងនៅឯពានរង្វាន់អូស្ការថ្មីៗនេះ ពោលគឺបន្ទាប់ពីតារាសម្ដែង Will Smith ទះគាត់មួយកំផ្លៀងនៅលើឆាកមកប្រជាប្រិយភាពរបស់ Chris Rock កើនឡើងយ៉ាងខ្លាំង៕





អត្ថបទ៖ លីនី
ប្រភព៖ caknowledge


