បន្ទាប់ពីត្រូវ Will Smith ទះមួយកំផ្លៀងនៅមុខមហាជនរាប់លាននាក់ក្នុងកម្មវិធី Oscar កាលពីយប់ថ្ងៃអាទិត្យ តារាកំប្លែង Chris Rock ក៏ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃនៅលើអ៉ីនធឺណេត ប៉ុន្តែក្នុងនោះក៏បង្កើតជាឱកាសមាសដែលធ្វើឱ្យតារាកំប្លែងរូបនេះរកប្រាក់បានយ៉ាងច្រើនពីការលក់សំបុត្រកម្មវិធីរបស់គាត់។
រឿងហេតុដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងនេះ បានក្លាយជាព្រឹត្តិការណ៍ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Academy។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ហេតុការណ៍នេះហាក់ដូចជាជំរុញឱ្យអ្នកទស្សនាមួយចំនួនឱ្យទិញសំបុត្រដើម្បីចូលរួមទស្សនាការសម្ដែងផ្ទាល់របស់ Chris Rock។ បើតាមវេទិកាលក់សំបុត្រ TickPick បានរាយការណ៍ថា ពួកគេបានលក់សំបុត្រកាន់តែច្រើនសម្រាប់កម្មវិធីកំប្លែង “comedian’s tour” របស់ Chris Rock ពោលគឺរយៈពេលពេញមួយយប់លក់បានច្រើនជាងចំនួនពេលដែលពួកគេលក់កាលពីខែមុន។
TickPick ក៏បានអះអាងផងដែរថា តម្លៃសំបុត្របានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យដោយកើនឡើងពីតម្លៃប្រហែល ៤៦ដុល្លារក្នុងមួយសំបុត្រកាលពីថ្ងៃ១៨ ខែមីនា មកដល់ឥឡូវនេះឡើងដល់ ៣៤១ដុល្លារ។ ជាមួយគ្នានេះ Rock គ្រោងនឹងសម្តែងចំនួន ៦ដងនៅរោងមហោស្រព Wilbur របស់បូស្តុនចាប់ពីថ្ងៃទី៣០ ខែមីនាដល់ថ្ងៃទី១ ខែមេសា មុនពេលចាប់ផ្តើមកម្មវិធីកំប្លែង Ego Death World Tour ជាផ្លូវការនៅថ្ងៃទី២ ខែមេសា។
បន្ទាប់មកតារាកំប្លែងរូបនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុងជាង ៣០ សម្រាប់ដំណើរកម្សាន្តនៅអាមេរិកខាងជើង ដែលនេះជាលើកទីមួយក្នុងរយៈពេល ៥ឆ្នាំដែលរឿងកំប្លែងនេះនឹងសម្តែងជាថ្មីម្ដងទៀតនៅទូទាំងប្រទេស។ ហើយបច្ចុប្បន្ន Rock មានកាលវិភាគត្រូវសំដែង ចំនួន ៣៨ ដោយវាយលុកទីក្រុងធំៗដូចជា Las Vegas, Denver, Oakland, Seattle, New York, Chicago និង Toronto៕



អត្ថបទ៖ លីនី
ប្រភព៖ news.yahoo


