បុរសសំណាង! មកស្គាល់មហាសេដ្ឋីរុស្ស៊ី ១រូប ស្និទ្ធស្នាលជាមួយលោក ពូទីន ដែរ តែមិនត្រូវរងទណ្ឌកម្មពីអាមេរិក និងលោកខាងលិច
បុគ្គលជោគជ័យ March 21, 2022 Khmernote

ដូចដែលយើងបានរួចហើយ​ចាប់តាំងពីមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនមក មហាសេដ្ឋី បុគ្គលល្បីៗ និងសំខាន់ៗជាច្រើនរបស់រុស្ស៊ីត្រូវបានខាតបង់ទ្រព្យសម្បត្តិរាប់ពាន់ដុល្លារដុល្លារដោយសារការដាក់ទណ្ឌកម្មពីប្រទេសជាច្រើន និងលោកខាងលិច។ បុគ្គល និងមហាសេដ្ឋីទាំងនោះភាគច្រើនត្រូវបានគេឱ្យដឹងថា សុទ្ធតែជាអ្នកមានទំនាក់ទំនងជិតស្និទជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

ប៉ុន្តែទោះជាយ៉ាងណាក្ដី មានមហាសេដ្ឋីមួយរូបដែលមិនត្រូវទទួលរងទណ្ឌកម្មពីលោកខាងលិចនោះគឺ លោក Vladimir Potanin​ ដែលជាបុរសមានបំផុតនៅក្នុងប្រទេសរុស្ស៊ី។ លោក Potanin​ ត្រូវបានគេឱ្យដឹងថា គាត់ជាមហាសេដ្ឋីម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក ពូ ទីន ហើយគាត់មានទ្រព្យសម្បត្តិ ២៥ពាន់លានដុល្លារ។

លោក Vladimir Potanin​ ត្រូវបានគេដាក់ឈ្មោះនៅក្នុង “បញ្ជីពូទីន” ដ៏ល្បីប្រចាំឆ្នាំ២០១៨ នៃឥស្សរជននយោបាយ និង មហាសេដ្ឋីល្បីៗរបស់រុស្ស៊ីដ៏លេចធ្លោ ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ ថ្វីបើមានទំនាក់ទំនងជិតស្និទ្ធក៏ដោយ ក៏ Potanin មិនស្ថិតនៅក្នុងបញ្ជីនៃមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិចឡើយក្នុងនោះរួមមាន Roman Abramovich និង Oleg Deripaska។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនទៅកាន់អ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo